ដោយ:គូលែន/សៀមរាប ៖ កំណាត់ផ្លូវសម្តេចវិបុលបញ្ញា សុខ អាន(ផ្លូវ៦០ម៉ែត្រ)នឹងត្រូវធ្វើការកែលម្អដោយមានការចូលរួមប្រកួតប្រជែងស្នាដៃរបស់និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យវេស្ទើន សាកលវិទ្យាល័យបញ្ញាសាស្រ្ត វិទ្យាស្ថានបច្ចេកទេសកម្ពុជា និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនៃរាជធានីភ្នំពេញ។ នេះបើតាមការអោយដឹងពីមន្ត្រីនៃអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ។

មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បាននិយាយថាតាមរយៈការកែលម្អនេះ កំណាត់ផ្លូវសម្តេចវិបុលបញ្ញា សុខ អាន នឹងមានសួនច្បារ ផ្លូវដើរ ផ្លូវកង់ ចិញ្ចើមថ្នល់ស្អាត ដាំដើមឈើបន្ថែម និងធ្វើឱ្យប្រឡាយសងខាងផ្លូវមានទឹកជាប្រចាំ។

មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានបន្តថា ជាក់ស្តែងការប្រកួតប្រជែងនេះមាននិស្សិតផ្នែកស្ថាបត្យកម្មសរុប៤៥នាក់ ចែកជា៩ក្រុម បានធ្វើបទបង្ហាញនូវគំនិតនិងទស្សនៈអំពីគម្រោងកែលម្អផ្លូវកំណាត់ផ្លូវសម្តេចវិបុលបញ្ញា សុខ អាន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

ជ័យលាភីដែលទទួលបានលេខមួយនឹងទទួលបានការឧបត្ថម្ភប្រាក់លើកទឹកចិត្តចំនួន ៤,០០០,០០០ លានរៀល លេខ២ចំនួន១,០០០,០០០ លានរៀល និងលេខ៣ទឹកប្រាក់៥០០,០០រៀល៕B/