សម្ព័ន្ធមិត្ត​ដ៏​គួរឱ្យ​ទុកចិត្ត​របស់លោក​ស្រី​ស៊ូ​ជី ត្រៀម​ឡើងកាន់តំណែង​ប្រធានាធិបតី​

1197
ចែករម្លែក

​លោក វីន មីន (Win Myint) ជំនួយការ​ដ៏​គួរឱ្យ​ទុកចិត្ត​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​គេ​រំពឹងថា​នឹង​ក្លាយជា​ប្រមុខរដ្ឋ​ថ្មី​របស់​មី​យ៉ាន់​ម៉ា បន្ទាប់ពី​លោក​ប្រធានាធិបតី អ៊ូ ធី​ន ក្យ (U Htin Kyaw) បាន​លាលែង​ពី​តំណែង​កាលពី​ម្សិលមិញ (​ថ្ងៃ​ពុធ​ទី​២១​មីនា​) ដោយសារ​មូលហេតុ​សុខភាព​។​

​ទោះយ៉ាងណា ក្រុមអ្នកវិភាគ​រំពឹងថា គ្មាន​ការផ្លាស់ប្តូរ​អ្វី​ឡើយ​នៅក្នុង​រដ្ឋាភិបាល​។​

​មិនយូរប៉ុន្មាន បន្ទាប់ពី​ការិយាល័យ​ប្រធានាធិបតី​បានប្រកាស​ការលាលែង​ពី​តំណែង​របស់លោក ធី​ន ក្យ ប្រធានសភា​ជាន់​ទាប លោក​វីន មីន ក៏បាន​ដាក់ពាក្យ​លាលែង​របស់គាត់​ដែរ​។​

​ការលាលែង​តំណែង​របស់​អ្នកនយោបាយ​ជាន់ខ្ពស់​ពីររូប​នេះ​បាន​កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោកស្រី​អ៊ុង​សាន ស៊ូ​ជី វិល​ត្រឡប់មក​ស្រុក​វិញ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ពិសេស​អូស្ត្រាលី​-​អាស៊ាន កន្លែង​ដែល​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​ត្រូវបាន​ពិភាក្សា​យ៉ាង​ទូលំទូលាយ ហើយ​អាស៊ាន​ត្រូវបាន​គេ​ជំ​រុញឱ្យ​ដើរតួនាទី​ធំ​ជាង​មុន​។​

​ខណៈដែល​អាស៊ាន​បាន​អនុវត្តតាម​គោលនយោបាយ​ប្រពៃណី​របស់ខ្លួន គឺ​មិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​ណាមួយ​នោះ លោកស្រី​ស៊ូ​ជី​ត្រូវបាន​គេ​រិះគន់​យ៉ាងខ្លាំង​ចំពោះ​តួនាទី​របស់លោក​ស្រី​ក្នុងការ​ដោះស្រាយ​ស្ថានភាព​នេះ​។ អង្គការសិទ្ធិមនុស្សរ​បស់​អង្គការសហប្រជាជាតិ​បានចង្អុលបង្ហាញ​នូវ​លទ្ធភាព​កើតមាន​អំពើ​ប្រល័យពូជសាសន៍​ចាប់តាំងពី​ខែសីហា នៅពេលដែល​អំពើហិង្សា​បាន​បង្ខំ​ឱ្យ​មនុស្ស ៧០០.០០០ នាក់​ភៀសខ្លួន​ពី​រដ្ឋ​រ៉ា​ឃី​ន ភាគ​ខាងលិច​របស់​មី​យ៉ាន់​ម៉ា​។

​លោក ធី​ន ក្យ បាន​ឡើងកាន់តំណែង បន្ទាប់ពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) បានទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៥​។ តួនាទី​របស់លោក​នៅក្នុង​រដ្ឋបាល​គឺ​គ្រាន់តែ​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ព្រោះ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​រារាំង​ដោយ​រដ្ឋធម្មនុញ្ញ​គាំទ្រ​ដោយ​យោធា មិនឱ្យ​កាន់តំណែង​ប្រធានាធិបតី​ទេ ហើយ​បាន​បង្កើត​តំណែង​មួយ​សម្រាប់​ខ្លួនឯង​ជាទី​ប្រឹក្សា​រដ្ឋ ដោយ​ក្លាយជា​អ្នកដឹកនាំ​ជាក់ស្ដែង​របស់​មី​យ៉ាន់​ម៉ា​ជា​ធរមាន​។

​លោក ធី​ន ក្យ គឺជា​មិត្តភក្តិ​ចាស់​រៀន​ជាមួយ​លោកស្រី​ស៊ូ​ជី ដែល​ស្មោះត្រង់​នឹង​លោកស្រី និង​បាន​ណែនាំ​លោកស្រី​អំឡុងពេល​តស៊ូ​នយោបាយ​ដ៏​លំបាកលំបិន និង​ការឃុំខ្លួន​លោកស្រី​នៅក្នុង​ផ្ទះ​។ ប្រធានាធិបតី​វ័យ ៧១ ឆ្នាំ ដែលមាន​បញ្ហា​បេះដូង​កាលពី​អតីត​កាលនោះ មាន​សុខភាព​ទន់ខ្សោយ និង​ត្រូវបាន​រកឃើញថា​ស្រក​ទម្ងន់​យ៉ាងច្រើន​នាពេល​ថ្មីៗ​នេះ​។ តាម​ដឹង គាត់​បានទទួល​ការព្យាបាល​នៅ​ប្រទេស​ថៃ​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ស៊ូ​ជី (​ស្តាំ​) លោក ធី​ន ក្យ (​កណ្តាល​) និង លោក វីន មីន (​ឆ្វេង​)

ទីតាំងផ្សាយពាណិជ្ជកម្ម