ដោយ:ដេប៉ូ/ភ្នំពេញ ៖ គិតរហូតមកដល់ពេលនេះកម្ពុជាមានរបបសន្តិសុខសង្គមមានលក្ខណៈគ្រប់គ្រាន់និងទំនើបដែលធ្វើឱ្យការអនុវត្តការងារមានភាពរលូនល្អនិងទទួលបាននូវភាពជោគជ័យ។សមិទ្ធផលទាំងនេះ ដោយសារកម្ពុជាបានឆ្លងកាត់ការកែទម្រង់និងបទពិសោធន៍របស់បណ្តាប្រទេសនានាលើពិភពលោកនាកន្លងមក។

នេះបើតាមការឱ្យដឹងរបស់លោក អ៊ិតសំហេងរដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជានៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងទិសដៅការងារឆ្នាំ២០២០នាសណ្ឋានគារតារាអ៊ែផតក្នុងរាជធានីភ្នំពេញ។

លោក អ៊ិត សំហេង បានថ្លែងក្នុងពិធីនេះថា ការអនុវត្តរបបសន្តិសុខសង្គមកន្លងមកពិសេស របបប្រាក់សោធនគឺរបបនេះបានទទួលជោគជ័យនិងក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ។មិនថាកម្ពុជាទេសូម្បីតែនៅបណ្តាប្រទេសមួយចំនួនក៏កំពុងជួបបញ្ហាប្រឈមនេះមិនទាន់ចប់នៅឡើយដែរ។ទោះបីយ៉ាងណាក្តីកម្ពុជាបានជួបនូវជោគសំណាងផងដែរដោយសារថាកម្ពុជាបានធ្វើច្បាប់របបសន្តិសុខសង្គមថ្មីនេះគឺជាប្រព័ន្ធមួយធានាបាននូវនិរន្តភាព មិនងាយជួបបញ្ហាឱនភាព ហេរញ្ញវត្ថុ ទេក្នុងនេះដោយសារការប្រមូល ការបង់ និងការបង់ទៅវិញបានអនុវត្តបានល្អ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ជុំវិញបញ្ហានេះថា ”ដូចនេះឃើញថាយើងបានអនុវត្តទៅតាមសមាជិកម្នាក់ៗបានបង់និងបានរួមវិភាគទាន។ហេតុនេះឃើញថាបើគាត់ចង់បានខ្ពស់គាត់អាចបង់ច្រើន និងបើចង់បានតិចគាត់អាចបង់តិចតួចទៅតាមនោះដែរ។បែបនេះហើយបងបងប្អូនសមាជិក សមាជិកការរបស់ ប. ប. ស ពិតជាយល់បញ្ហានេះ។ជាមួយគ្នា ប. ប. ស ត្រូវបន្តផ្សព្វផ្សាយបន្ថែមទៀតដើម្បីឱ្យសមាជិកបានយល់ជាក់ជុំវិញរឿងនេះ”។

លោករដ្ឋមន្ត្រីបានលើកឡើងដែរថា ការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមនៃផ្នែកនីមួយៗមានសារសំខាន់ណាស់ក្នុងការចូលរួមចំណែក ដើម្បីសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ រួមមាន៖

ការផ្តល់ការព្យាបាល និងថែទាំវេជ្ជសាស្រ្ត ដោយរួមមានវិធានការការពារសុខភាពរបស់កម្មករនិយោជិត និងសមាជិកគ្រួសាររបស់កម្មករនិយោជិត។ វិធានការបង្ការសុខភាព សុវត្ថិភាព និងអនាម័យការងារ ក៏ត្រូវបានបង្កើតឡើងក្នុងគោលដៅបង្ការគ្រោះថ្នាក់ កន្លែងធ្វើការងារ តាមរយៈកម្មវិធីបង្ការ និងផ្សព្វផ្សាយ។ ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការលម្ហែមាតុភាព ដែលជាគោលដៅមួយក្នុងការជំរុញនូវវិធានសម្រាប់ការបងើ្កតធនធានមនុស្ស ដែលអាចទ្រទ្រង់បាននូវខឿនសេដ្ឋកិច្ច ក៏ដូចជាការធ្វើឲ្យមានស្ថិរភាពនៃកំណើនសេដ្ឋកិច្ចផងដែរ។

លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា” នេះបានឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់អំពីការរីកចម្រើននៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីឈានទៅរកប្រព័ន្ធមួយដែលមានលក្ខណៈជាសកល និងសន្តិភាព ដែលរក្សាបាននូវប្រសិទ្ធភាពនៃការអនុវត្តការងារខាងលើជាប់ជាប្រចាំ”។

ទាក់ទងទៅនឹងលទ្ធផល សម្រេចបាន នៅក្នុងឆ្នាំ២០១៩ កន្លងមកនេះដែរ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ របបសន្តិសុខសង្គម បានបញ្ជាក់ឱ្យដឹងថា៖ ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី ត្រូវបានប្រកាស ឱ្យប្រើប្រាស់រួចហើយ ដែលគ្របដណ្តប់ ទៅលើការគាំពារចំនួន ៤ផ្នែក រួមមាន (១)ផ្នែកប្រាក់សោធន (២)ផ្នែកថែទាំសុខភាព (៣)ផ្នែកហានិភ័យការងារ និង (៤)ផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គល ដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្រោមច្បាប់ ស្តីពីការងារ រួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោជន៍ផងដែរ ។

លោកថា បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) កន្លងមកបាននឹងកំពុងអនុវត្ត នូវរបបសន្តិសុខសង្គមចំនួន ២ គឺផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលចាប់តាំងពីឆ្នាំ២០១៩ មក របបសន្តិសុខសង្គមទាំងពីរនេះ បានគ្រប់ដណ្តប់ទាំងកម្មករនិយោជិត និងមន្រ្តីសាធារណ: ។ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកនីមួយៗនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែក ដើម្បីសម្រេចឱ្យបាន នូវកំណើនសេដ្ឋកិច្ចជាតិ៕B/