ដោយ: ពៅ និមល / ភ្នំពេញ: ខណៈអញ្ញើញចូលរួមក្នុងសិក្ខាសាលាដ៏សំខាន់មួយនៅក្នុងប្រទេស សិង្ហបុរី លោកអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ ស៊ីឌីស៊ី (CDC) បានរំពឹងទុកថា ភាគីបារាំងនឹងបានយល់កាន់តែច្បាស់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមផងដែរ។
ការលើកឡើងដូច្នេះរបស់លោក សុខ ចិន្តាសោភា អគ្គលេខាធិការ ស៊ីឌីស៊ី បានធ្វើឡើងក្នុងឱកាសអញ្ញើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលា ស្តីពីការធ្វើធុរកិច្ចនៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០កន្លងទៅ នៅប្រទេសសិង្ហបុរី ក្រោមកិច្ចសហការរៀបចំរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា, សភាពាណិជ្ជកម្មបារាំងនៅកម្ពុជា និងទីប្រឹក្សាពាណិជ្ជកម្មបរទេសបារាំង ដោយមានការចូលរួមពីលោកស្រី អេវ៉ា ង្វៀនប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា តំណាងក្រុមហ៊ុនបារាំងកំពុងមានប្រតិបត្តិការក្នុងប្រទេសសឹង្ហបុរី និងក្រុមហ៊ុនសឹង្ហបុរីចំនួនប្រមាណ ១០០រូប។
នៅចំពោះមុខក្នុងអង្គសិក្ខាសាលានេះ លោក សុខ ចិន្តាសោភា បានលើកឡើងថា កត្តាសន្តិសភាព និងស្ថិរភាពនយោបាយក្នុងប្រទេស បានផ្តល់លទ្ធភាពជូនរាជរដ្ឋាភិបាលក្នុងការកាច់ចង្កូតនាវាកម្ពុជា ឆ្ពោះទៅទិសមួយដ៏ត្រឹមត្រូវនាពេលកន្លងមក។ ជាក់ស្តែង ក្នុងរយះពេលជាង០២ទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំមធ្យមក្នុងរង្វង់៧,៧ភាគរយ និងបានចាកចេញពីឋានៈជាប្រទេសមានំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥។ ជាងនេះទៅទៀត នៅក្នុងឆ្នាំ២០១៩កន្លងទៅ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រា៧,១ភាគរយ ដែលជាអត្រាខ្ពស់ជាងគេនៅក្នុងបណ្តាប្រទេសអាស៊ាន។ លោកបានចែករំលែកព័តមានអំពីការវិវត្តថ្មីៗនៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាព និងសក្តានុពលធុរកិច្ចនិងវិនិយោគ។ ទន្ទឹមនេះ លោកបានលើកឡើងនូវវិធានការកែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ជូននូវកិច្ចសម្រួលពាណិជ្ជកម្ម និងកែលម្អបរិយាកាសវិនិយោគដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តកម្មវិធីកែទម្រង់បន្ថែមទៀត។
ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូតបារាំង បានរំលឹកពីទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្រដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឲ្យក្រុមហ៊ុនបារាំងនៅសិង្ហបុរីធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ដោយឡែក តំណាងក្រុមហ៊ុនបារាំងនៅកម្ពុជាដែលបានចូលរួមជាវាគ្មិនបានគូសបញ្ជាក់បន្ថែមពីភាពអំណោយផលនៃបរិយាកាសវិនិយោគនៅកម្ពុជា និងពីកាលានុវត្តភាពជាច្រើនដែលកម្ពុជានៅមាន ទាំងក្នុងវិស័យកម្មន្តសាល កសិ-ឧស្សាហកម្ម ទេសចរណ៍ និងសេវាកម្ម។
បើតាមការកត់ត្រារបស់ ស៊ីឌីស៊ី គិតត្រឹមខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ការវិនិយោគបារាំងនៅកម្ពុជាមានទឹកប្រាក់សរុបប្រមាណ ៥៣២លានដុល្លារអាម៉េរិក ដែលបានបង្កើតការងារចំនួនប្រមាណ១៥,០០០កន្លែង៕ ល