អ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃអង្គារទី១៤មករានូវការចាប់ខ្លួនលើកដំបូងរបស់ខ្លួនជុំវិញការបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែន ខណៈក្រុមអ្នកតវ៉ាបានបញ្ចេញកំហឹងរបស់ពួកគេចំពោះកំហុសដ៏មហន្តរាយនេះសម្រាប់ថ្ងៃទី ៤ ជាប់ៗគ្នា។
ជិតពីរសប្តាហ៍បន្ទាប់ពីអាម៉េរិកបានសម្លាប់មេបញ្ជាការកំពូលអ៊ីរ៉ង់ម្នាក់នៅអ៊ីរ៉ាក់ ភាពតានតឹងជាមួយលោកខាងលិចបានកើនឡើងបន្ថែមទៀតនៅពេលដែលបណ្តាប្រទេសសហភាពអឺរ៉ុបកាលពីថ្ងៃអង្គារបានចាប់ផ្តើមដំណើរការអាជ្ញាកណ្តាលដើម្បីចោទប្រកាន់របបក្រុងតេហេរ៉ង់ពីបទខកខានមិនបានគោរពការសន្យាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាហេតុជំរុញឱ្យអ៊ីរ៉ង់ព្រមានពី “ផលវិបាក” ដែលមិនបានបញ្ជាក់។
យន្ដហោះអន្ដរជាតិអ៊ុយក្រែនត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលមួយគ្រាប់ភ្លាមៗបន្ទាប់ពីហោះហើរពីព្រលានកាលពីថ្ងៃពុធសប្តាហ៍មុន ដោយបានសម្លាប់អ្នកដំណើរនិងបុគ្គលិកទាំង ១៧៦ នាក់ជិះនៅលើនោះ។
អ៊ីរ៉ង់បានព្យាយាមទប់ស្កាត់ស្ថានការលំបាកជុំវិញការដោះស្រាយគ្រោះមហន្តរាយធ្លាក់យន្តហោះនេះ បន្ទាប់ពីដំបូងបានច្រានចោលការអះអាងរបស់លោកខាងលិចថាខ្លួនជាអ្នកទម្លាក់មីស៊ីលយន្តហោះ មុនពេលសារភាពការពិតកាលពីថ្ងៃសៅរ៍។
សោកនាដកម្មនេះបានធ្វើឱ្យអ្នកតវ៉ាខឹងសម្បាររាប់រយនាក់ដែលភាគច្រើនជានិស្សិតដើរតាមដងផ្លូវស្រែកពាក្យស្លោកប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម។
វីដេអូថ្មីដែលផ្សាយលើបណ្តាញសង្គមបានបង្ហាញការតវ៉ាថ្មីៗនៅល្ងាចថ្ងៃអង្គារនៅឯសាកលវិទ្យាល័យនានាក្នុងក្រុងតេហេរ៉ង់ ដោយមានការប៉ះទង្គិចគ្នារវាងនិស្សិតនិងកងកម្លាំងបាស៊ីច ដែលស្មោះត្រង់នឹងរបបអ៊ីរ៉ង់។
គេមិនអាចផ្ទៀងផ្ទាត់វីដេអូនេះបានភ្លាមៗនោះទេ។
មុននេះអ្នកឆ្លើយឆ្លងរបស់ទីភ្នាក់ងារសារព័ត៌មាន AFP បាននិយាយថា និស្សិតពាក់ម៉ាស់មុខប្រហែល២០០នាក់បានប្រមូលផ្តុំគ្នានៅសាកលវិទ្យាល័យតេហេរ៉ង់កាលពីថ្ងៃអង្គារ និង បានប្រឈមមុខគ្នាជាមួយក្រុមយុវជនរបស់កងកម្លាំងបាស៊ីច។ ទីបំផុត ប៉ូលិសបានបំបែកហ្វូងក្រុមទាំងពីរឱ្យដើរចេញពីការប្រឈមមុខគ្នា។
ហើយប្រព័ន្ធអ៊ីនធឺណេតគឺមានសភាពយឺតខ្លាំងខុសពីសព្វមួយដងនៅក្នុងប្រទេសអ៊ីរ៉ង់៕ ដោយ៖ កញ្ញាដាលីស