ភ្នំពេញ:ក្រោយកើតរឿងអាក្រក់ពាក់ព័ន្ធនឹងឃាតកម្មតារាចម្រៀងអ្នកនាង ពេជ្រ សូលីកា បានប្រតិកម្មចំពោះការវាយប្រហារលើតាមបណ្តាញសារព័ត៌មាននិងមហាជនជាខ្លាំងហើយក៏បង្ហោះសារសូមទោសដល់គ្រួសារនៃសពជំនួសម្តាយ។
សាររបស់នាងបានបង្ហោះលើទំព័រហ្វេសប៊ុកកាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ថា “សាររំលែកទុក្ខដ៏ក្រៀមក្រំ ពីនាងខ្ញុំ ជូនទៅដល់គ្រួសារជនរងគ្រោះនៃសព។ ក្នុងនាមខ្ញុំ ជាកូនបង្កើត របស់ជនល្មើស នាងខ្ញុំសូមទោសរាល់ទង្វើទាំងឡាយដែលបានកើតឡើង។ វាពិតជាឈឺចាប់ខ្លាំងណាស់នៅការបាត់បង់ មនុស្សជាទីស្រឡាញ់នៅក្នុងផ្ទះ ខ្ញុំពិតជាមាន អារម្មណ៍សោកស្ដាយជាខ្លាំងចំពោះដំណឹងមួយនេះ។ ក្នុងពេលឥឡូវនេះ ខាងគ្រួសាររបស់ នាងខ្ញុំក៏មានទុក្ខមិនតិចដែរ ម្ដាយរបស់ខ្ញុំ លោកមានកំហុស ឥឡូវនេះ លោកក៏បានទទួល នៅកំហុសដែលលោកបានធ្វើទៅតាមផ្លូវច្បាប់ផងដែរ។ ពាក្យសុំទោសប៉ុន្មានម៉ាត់របស់ខ្ញុំ វាមិនស្មើនឹងការឈឺចាប់ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់គ្រួសារសពឡើយ។ ប៉ុន្តែម្ដាយរបស់នាងខ្ញុំគាត់បានទទួលនូវទង្វើដែលគាត់បានធ្វើហើយ។ ខ្ញុំសុំការអហោសិកម្ម ពីគ្រួសារសព ជំនួសម្ដាយរបស់ខ្ញុំផង”។
អ្នកនាង ពេជ្រ សូលីកា បានរៀបរាប់ទៀតថា ចំណែក សង្គម តែស្ករ។ ចំពោះការយឺតយ៉ាវ រំលែកទុក្ខមួយនេះ ខ្ញុំមិនដឹងថាត្រូវបកស្រាយបែបម៉េច ព្រោះថាកង្វល់របស់ខ្ញុំនៅពេលនេះ ក៏មិនចាញ់គ្រួសារសពប៉ុន្មានដែរ។ ទាំងសងខាងគឺសុទ្ធសឹងតែបាត់បង់មនុស្សដែលធ្លាប់ ក្បែរខ្លួនដូចគ្នា។ ក្នុងពេលឥឡូវនេះខ្ញុំនិយាយអ្វីក៏ខុស មិននិយាយអ្វីក៏ខុស។ ខ្ញុំចង់អ្នកដែល បានវិនិឆ័យមកលើរូបខ្ញុំគិតត្រង់ចំណុចនេះផងថា អ្នកមិនដឹងថាខ្ញុំកំពុងគិតអ្វីខ្ញុំក៏មិនដឹងថាអ្នក កំពុងគិតអ្វី ដូចគ្នា។ គ្មានអ្នកណាអាចកំណត់បាន ថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងនោះទេ ថ្ងៃនេះគេ ថ្ងៃស្អែកខ្ញុំ យើងសុទ្ធតែស្មានមិនត្រូវ។ ពិតណាស់វាពិបាកក្នុងការហារមាត់ហៅ ម្ដាយរបស់ខ្លួនថាជាជនល្មើស ខ្ញុំក៏ឈឺចាប់មិនតិចដែរ។ ថ្ងៃនេះជាថ្ងៃទីពីរដែលនាងខ្ញុំបាន ដាក់បាត្រឧទិសកុសលបុណ្យជូនដល់អ្នកដែលបានស្លាប់ ជំនួសម្ដាយរបស់ខ្ញុំ។
សូមរំលឹកថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ ផ្សារដេប៉ូ២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ បានដេកស្លាប់ទីលំនៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាមនុស្សស្រីស្រលាញ់និងជាគូស្នេហ៍ជនល្មើស) ដោយមានស្នាមចងដៃទាំងសងខាង បណ្តាលឲ្យដាច់រលាត់ស្បែក និងមានស្នាមដាច់រលាត់ស្បែក ក្រោមភ្នែកទាំងសងខាង។
ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ នៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចអះអាងថា ជនបង្កជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។ ជាមួយគ្នា នោះ សម្ភារៈដែលជនរងគ្រោះបាត់បង់រួមានចិញ្ចៀនពេជ្រចំនួនពីរវង់ ដែលមួយវង់មាន ដាំពេជ្រធំល្មមចំនួនបីគ្រាប់ និងមួយវង់ទៀតមានដាំពេជ្រតូចៗចំនួនបីជួរ៕ ដោយ: បូរិន