អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារទី១៤មករាថា ការប៉ះទង្គិចគ្នាខ្លាំងក្លាបានជំរុញឱ្យមានការកើនឡើងលំហូរចេញនៃជនភៀសខ្លួនពីប្រទេសលីប៊ីប៉ុន្តែជនភៀសខ្លួនជិត ១.០០០ នាក់ដែលគេស្ទាក់នៅមាត់ឆ្នេរ ត្រូវបានបង្ខំឱ្យវិលត្រឡប់ទៅកាន់ប្រទេសដែលហែកហួរដោយសង្គ្រាមនេះវិញ ចាប់តាំងពីថ្ងៃទី ១ ខែមករា។

យោងតាមអង្គការអន្តរជាតិសម្រាប់អន្ដោប្រវេសន៍បានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០២០ ជនចំណាកស្រុកចំនួន ១.១០០ នាក់បានចាកចេញពីប្រទេសលីប៊ីតាមសមុទ្រ ដោយបន្ថែមទៀតថា ភាគច្រើននៃពួកគេត្រូវបានបញ្ជូនទៅស្រុកវិញ និង ឃុំខ្លួន។

អ្នកនាំពាក្យឈ្មោះ សាហ្វា អេមសេលី បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា “ជនចំណាកស្រុកយ៉ាងតិច ៩៥៣ នាក់ ក្នុងនោះមានស្ត្រី ១៣៦ នាក់និងកុមារ ៨៥ នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅឆ្នេរលីប៊ីវិញក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃឆ្នាំ ២០២០”។

លោកស្រីបានបន្ថែមថា​ “ភាគច្រើនគឺចាកចេញពីទីក្រុងទ្រីប៉ូលី ហើយពួកគេទាំងអស់ត្រូវបានយកទៅដាក់ក្នុងមណ្ឌលឃុំឃាំង”។

តាមការស្នើពីអ៊ីតាលី ឆ្មាំសមុទ្រលីប៊ីតែងតែរារាំងជនអន្តោប្រវេសន៍មិនឱ្យទៅដល់អឺរ៉ុប។

ក្រុមសិទិ្ធមនុស្សបានចោទប្រកាន់ថាលីប៊ីបានទៅយកជនចំណាកស្រុកនៅសមុទ្រមេឌីទែរ៉ាណេហើយនាំពួកគេត្រឡប់ទៅមណ្ឌលឃុំឃាំង កន្លែងដែលមនុស្សភាគច្រើនបានក្លាយជាជនរងគ្រោះនៃការរំលោភបំពាននិងការធ្វើការងារដោយបង្ខំ៕ ដោយ៖ កញ្ញាដាលីស

ជនចំណាកស្រុកជិត១០០០នាក់ត្រូវបង្ខំឱ្យត្រឡប់មកលីប៊ីវិញគិតត្រឹមដើមឆ្នាំ២០២០