​នៅ​មួយ​ថ្ងៃ​មុនពេល​ភាគី​ទាំងពីរ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​មួយ រដ្ឋមន្ត្រី​រតនាគា​រ​អាម៉េរិក លោក​ស្ទេ​វិន ម្នូ​ជីន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​​ទី​១៣​មករា​ថា សហរដ្ឋ​អាម៉េរិក​នឹង​បន្ត​យកពន្ធ​ខ្ពស់​លើ​ទំនិញ​ចិន​រហូត​ទាល់តែ​ភាគី​ទាំងពីរ​សំរេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​២​។​

​លោក​ម្នូ​ជីន បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អាច​ពិចារណា​បន្ធូរបន្ថយ​ពន្ធ ប្រសិនបើ​មហាអំណាច​សេដ្ឋកិច្ច​ផុត​លេខ​ទាំងពីរ​​នេះ​រួសរាន់​ចរចា​បង្កើត​កិច្ចព្រមព្រៀង​បន្ទាប់​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា​« បើ​លោក​ប្រធានាធិបតី​ទទួលបាន​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​២​លឿន លោក​នឹង​ពិចារណា​បន្ធូរបន្ថយ​ពន្ធ ។​ពន្ធ​ទាំងនេះ​នឹង​​បន្ត​នៅ​ជា​ធរមាន រហូតដល់​មាន​កិច្ចព្រមព្រៀង​ដំណាក់កាល​ពី​២»​។​

​តាម​គំរោង លោក​ត្រាំ ត្រូវ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១​ជាមួយ​ឧបនាយក​រដ្ឋមន្ត្រី​ចិន លីវ ហឹ នៅ​សេត​វិមាន​នា​ថ្ងៃ​ពុធ​(​ត្រូវ​​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​នៅ​កម្ពុជា​)​។​

​ការចុះហត្ថលេខា​នេះ​កើត​ឡើង​មួយ​សប្តាហ៍​មុន​ព្រឹទ្ធសភា​អាម៉េរិក​ចាប់ផ្តើម​សវនាការ​ចោទ​ទោស​ទម្លាក់​តំណែង​លោក​ត្រាំ បន្ទាប់ពី​សភា​កាលពី​ខែ​មុន​បាន​​ចោទប្រកាន់​លោក​ថា​រំលោភ​អំណាច​ប្រធានាធិបតី​ដោយសារតែ​បានដាក់​សម្ពាធ​អោយ​អ៊ុយ​ក្រែន​ធ្វើការ​ស៊ើបអង្កេត​លើ​គូ​ប្រជែង​តំណែង​ប្រធានាធិបតី​មកពី​​គណបក្ស​ប្រជាធិបតេយ្យ លោកចូ បៃ​ដិន និង​រារាំង​ការងារ​សភា​។​

​សូម​រំលឹក​ថា បន្ទាប់​ពី​កិច្ចព្រមព្រៀង​ដំណាក់កាល​ពី​១​ត្រូវ​បាន​សំរេច​ឡើង​(​តែ​មិន​ទាន់​ចុះហត្ថលេខា​)​កាលពី​ខែ​មុន អាម៉េរិក​បាន​យល់ព្រម​ផ្អាក​ការយកពន្ធ​ខ្ពស់​​លើ​ទំនិញ​ចិន​តំលៃ​១៦០​ពាន់​លាន​ដុល្លារ​បន្ថែម ដែល​ត្រូវ​ចាប់​អនុវត្ត​កាលពី​ថ្ងៃ​១៥​ធ្នូ​ឆ្នាំ​២០១៩ ហើយ​កាត់បន្ថយ​អត្រា​ពន្ធ​លើ​ទំនិញ​ចិន​តំលៃ​១២០​ពាន់​លាន​មក​​នៅត្រឹម​ពាក់កណ្តាល គឺ​នៅ​ត្រឹម​៧,៥​ភាគរយ​។​អាម៉េរិក​នៅ​រក្សាទុក​អត្រាពន្ធ​២៥​ភាគរយ​លើ​ទំនិញ​ចិន​ផ្សេង​ទៀត​ដែល​មាន​តំលៃ​២៥០​ពាន់​លាន​ដុល្លារ​៕​ប្រែ​សម្រួល​៖​វាសនា​

លោក​ម្នូ​ជីន បាន​និយាយថា នឹង​មិន​មាន​កិច្ចព្រមព្រៀង​ជាមួយ​ចិន​ស្តី​ពី​ការបន្ថយ​អត្រាពន្ធ​ទេ មុន​មាន​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​២