​មេធាវី​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​១៤​ខែ​មករា​ថា​អភិបាលក្រុងហ្សា​ការតានៃ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ទទួល​រងពាក្យប​ណ្តឹ​ង​ជា​ក្រុម​ដែល​ត្រូវ​បាន​ប្តឹង​ដោយ​ពួក​​អ្នក​រស់នៅក្នុង​ទីក្រុង​ដ៏​ធំ​មួយ​នេះ​បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង បាន​បង្ក​ជា​ទឹកជំនន់​និង​បំណាក់​ដី​ដែល បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​និង ធ្វើឱ្យ​មនុស្ស​រាប់ពាន់​​នាក់​គ្មាន​ផ្ទះសម្បែង​។​

​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ជាង​២០០ នាក់​កំពុង​ស្វែងរក​សំណង​សរុប​ចំនួន​៣​លាន​ដុល្លារ ក្នុង​ពាក្យបណ្តឹង​ដែល​ត្រូវបាន​ដាក់​ទៅ​តុលាការ​ក្រុង​ហ្សា​ការតា កាលពី​ថ្ងៃ​ចន្ទ​។​

​បណ្តឹង​នេះ​អះអាង​ថា​អភិបាល​ក្រុង លោក អា​នី បាស​វេដាន ទទួលខុសត្រូវ​ចំពោះ​ការ​មិន​អាច​ផ្តល់​ការព្រមាន​ជាមួយនឹង​ប្រព័ន្ធ​ប្រកាសអាសន្ន​ឱ្យបាន​ត្រឹម​​ត្រូវ​ដល់​ប្រជាជន​នៅ​ទីក្រុង​ដ៏​ធំ​នេះ​និង​មិនមាន​ចំណាត់ការ​បន្ទាន់​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​កាត់បន្ថយ​ការស្លាប់​និង​ការ​ខាត់​បង់​ហិរញ្ញវត្ថុ​។​

​ការិយាល័យ​ច្បាប់​ក្រុង​នេះ មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ធ្វើការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​។​

​មេធាវី​ បាន​ប្រាប់​សារព័ត៌មាន​AFP ថា ” រឿង​នេះ​គួរតែ​ធ្វើ​ជា​មេរៀន​មួយ​សម្រាប់​រដ្ឋាភិបាល​មូលដ្ឋាន​នៅ​កន្លែង​ផ្សេង​ទៀត​ដើម្បី​ឱ្យមាន​ការយល់ដឹង​​កាន់តែ​ច្រើន​អំពី​ការកាត់បន្ថយ​គ្រោះ​មហន្តរាយ ” ។​

​សមាគម​អ្នកជំនួញ​ឥណ្ឌូនេស៊ី​បានឱ្យដឹងថា​គ្រោះ​មហន្តរាយ​នេះ​បាន​បណ្តាលឱ្យ​ខូចខាត​គិត​ជា​ទឹកប្រាក់​យ៉ាងហោចណាស់​៧២ លាន​ដុល្លារ​។​

​សង្កាត់​ទាំងអស់​នៃ​ទីក្រុង​ហ្សា​ការតា ដែល​មាន​ប្រជាជន​ប្រមាណ​៣០ លាន​នាក់​រស់នៅ​នេះ​បាន​ជន់​លិច​ដោយ​ទឹកជំនន់ ដែល​បាន​បង្ខំ​ឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​​ទៅ​នៅ​ក្នុង​ជម្រក​បណ្តោះអាសន្ន​បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បានចាប់ផ្តើម​ភ្លៀង​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​។ មនុស្ស​យ៉ាងតិចណាស់​៦៧​នាក់ នៅ​ទីក្រុង​ហ្សា​ការតា​​និង​នៅ​ទីក្រុង​មួយចំនួន​ទៀត​ដែល​នៅ​ជិត​ទីក្រុង​នេះ​បាន​ស្លាប់ ដោយ​ទឹកជំនន់​ខ្លាំង​៕​ដោយ​៖​សុខា​/sn

ទឹកជំនន់​ត្រូវ​បាន​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បាន​ចាប់ផ្តើម​ភ្លៀង​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​