មេដឹកនាំការតវ៉ាអ៊ីរ៉ាក់លោក ម៉ុកថាដា សាដ (Moqtada Sadr) បានអំពាវនាវកាលពីថ្ងៃអង្គារទី១៤មករាឱ្យមាន “ការហែក្បួនតវ៉ាដោយសន្តិវិធីចំនួនមួយលាននាក់” ប្រឆាំងនឹងកងទ័ពអាម៉េរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ គឺប៉ុន្មានថ្ងៃបន្ទាប់ពីសភាបានជំរុញការចាកចេញរបស់ពួកគេបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់នៅក្នុងការវាយប្រហារដោយដ្រូន។
ដោយរឹតបន្ថែមសម្ពាធទៅលើការដាក់ពង្រាយទ័ពអាម៉េរិកនោះ គ្រាប់រ៉ុក្កែត Katyusha កាលពីយប់ថ្ងៃអង្គារបានតម្រង់គោលដៅទៅលើមូលដ្ឋានទ័ពអាកាសអ៊ីរ៉ាក់នៅភាគខាងជើងនៃទីក្រុងបាកដាដ កន្លែងដែលកងកម្លាំងចម្រុះដឹកនាំដោយអាម៉េរិកឈរជើង នៅក្នុងការវាយប្រហារចុងក្រោយបំផុតទៅលើកងកម្លាំងអាម៉េរិកនៅក្នុងប្រទេសនេះ។
លោកសាដ ដែលជាអ្នកនយោបាយនិងជាអាចារ្យស៊ីអ៊ីតដ៏មានប្រជាប្រិយភាព បានសរសេរលើបណ្តាញសង្គម Twitter ថា “មេឃ ដី និង អធិបតេយ្យភាពរបស់អ៊ីរ៉ាក់កំពុងត្រូវបានរំលោភបំពានរាល់ថ្ងៃដោយកងកម្លាំងកាន់កាប់ទាំងនោះ”។
លោកបានជំរុញឱ្យ “ប្រជាជនអ៊ីរ៉ាក់មួយលាននាក់ធ្វើបាតុកម្មដោយសន្តិភាពនិងរួបរួមជាធ្លុងមួយដើម្បីថ្កោលទោសចំពោះវត្តមានរបស់អាម៉េរិកនិងការរំលោភបំពាននានារបស់ពួកគេ” ដោយមិនផ្តល់កាលបរិច្ឆេទ។
របបវ៉ាស៊ីនតោនកាលពីថ្ងៃទី ៣ ខែមករាបានសម្លាប់មេដឹកនាំកងម្លាំងឃូដអ៊ីរ៉ង់ លោក កាសសេម សូឡីម៉ានី នៅក្នុងការវាយប្រហារដោយដ្រូនក្នុងក្រុងបាកដាដ ដែលបានសម្លាប់មន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ាក់ម្នាក់ផងដែរ។
សភាអ៊ីរ៉ាក់បានឆ្លើយតបដោយការបោះឆ្នោតកាលពីថ្ងៃទី ៥ ខែមករាដើម្បីបណ្តេញកងកម្លាំងបរទេសរួមទាំងកងទ័ពអាម៉េរិកចំនួន ៥.២០០ នាក់ ដែលបានគាំទ្រការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតរដ្ឋអ៊ីស្លាមចាប់តាំងពីឆ្នាំ ២០១៤។
យោធាអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃអង្គារថាការវាយប្រហារដោយគ្រាប់រ៉ុក្កែតជាថ្មីបានផ្តោតទៅលើមូលដ្ឋានទ័ពអាកាសតាជី ភាគខាងជើងក្រុងបាកដាដ ដោយមិនបានបញ្ជាក់ពីចំនួនគ្រាប់រ៉ុក្កែតដែលបានវាយប្រហារទៅលើមូលដ្ឋានទ័ពនោះទេ។
ប្រភពពីប៉ូលិសនិងមន្ទីរពេទ្យបានប្រាប់ AFP ថា ទាហានអ៊ីរ៉ាក់ពីរនាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ៕ ដោយ៖ កញ្ញាដាលីស