ដោយ: ឆាយានាថ / ភ្នំពេញ: នៅព្រឹកថ្ងៃទី១៥ ខែមករានេះ សាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមសវនាការសំណុំរឿងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ក្រោមបទចោទប្រកាន់សន្ទិដ្ឋិភាពជាមួយបរទេស ឬ ក្បត់ជាតិ តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ។
សវនាការនេះ នឹងធ្វើឡើងនៅសាលសវនាការទី១ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលមានវត្តមានលោក កឹម សុខា និងអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ។
ជាមួយគ្នានេះ កងកម្លាំងជាច្រើននាក់ បានដាក់ពង្រាយជុំវិញបរិវេណសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់សាធារណៈផងដែរ។
សវនាការនេះ គឺមិនរំពឹងថានឹងបញ្ចប់ត្រឹមថ្ងៃទី១៥ ខែមករានេះទេ ពោលគឺអាចនឹងប្រើរយៈពេលជាច្រើនថ្ងៃ ដើម្បីបង្ហាញការពិតនៃសំណុំរឿងដ៏ក្តៅគគុកមួយនេះ៕ ល/សរន/Ha