ដោយ: អូរស្មាច់ / ឧត្តរមានជ័យ: មន្ត្រីនៃមន្ទីធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ បានអះអាងថា នៅតាមបណ្តាអាងរក្សាប្រភពទឹកតូចធំជាង៨០ទីតាំង នៅក្នុងខេត្តនេះ ដ្បិតមានការស្រកទឹកខ្លះ តែមិនប្រឈមខ្វះ បើការប្រើប្រាស់មានការប្រុងប្រយ័ត្ន។
លោក ញឺន កួន ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ បានឱ្យដឹងថា តំបន់អាងស្តុកប្រភពទឹកធម្មជាតិតូចធំក្នុងខេត្តនេះមានគ្រប់គ្រាន់មិនប្រឈមដល់ការប្រើប្រាស់នោះទេ បើការប្រើប្រាស់មានការប្រុងប្រយ័ត្នដូចបច្ចុប្បន្ន។ ក្រុមការងារបានបិទទ្វារទឹកទុកនៅរដូវផុតទឹកភ្លៀងមកម៉្លេះដើម្បីត្រៀមទុកដល់ពលរដ្ឋក្នុងតំបន់ប្រើប្រាស់។ ប៉ុន្តែតំបន់អាងស្តុកប្រភពទឹកខ្លះ ក៏តម្រូវឱ្យការប្រើប្រាស់មានការប្រុងប្រយ័ត្នដែរ ព្រោះផ្ទៃទំហំអាងខ្លះតូច ស្តុកទឹកបានតិច។
លោកបន្តថា ខេត្តឧត្តរមានជ័យមានប្រព័ន្ធធារាសាស្ត្ររក្សាប្រភពទឹកតូចធំចំនួន៨១ទីតាំង ក្នុងនោះប្រព័ន្ធធារាសាស្ត្រខ្នាតធំចំនួន៣កន្លែង ខ្នាតមធ្យមចំនួន២១កន្លែង និងខ្នាតតូចចំនួន៥៧កន្លែង។ ប្រើប្រាស់ទឹកនៅតែត្រូវបានចាត់ទុកជាអាទិភាពដើម្បីបម្រើឲ្យការប្រើប្រាស់ប្រចាំថ្ងៃរហូតដល់មានភ្លៀងកក់ខែនាឆ្នាំថ្មី។
លោកបន្ថែមថា ថ្មីៗនេះក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា ស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ពេលខាងមុខ កម្ពុជាមានលក្ខណៈល្អប្រសើរជាងឆ្នាំ២០១៩ គ្រាន់តែកម្ដៅក្តៅជាងមធ្យមភាគឆ្នាំមុនបន្តិច។ តែទោះជា យ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការទប់ទល់ជាមួយនឹងគ្រោះរាំងស្ងួតនេះរួចតាំងពីចុងរដូវឆ្នាំ២០១៩ ដោយចេញជាសារាចរណែនាំឱ្យថែរក្សាទឹកទុក ដោយតម្រូវឱ្យការធ្វើស្រូវរដូវប្រាំងបានតែមួយដងប៉ុណ្ណោះ។ រីឯទឹកនៅដែលសល់ឱ្យរក្សាទុកសម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃ និងដាំដំណាំរួមផ្សំរហូតដល់ពេលមានភ្លៀងធ្លាក់មកជាធម្មតាវិញ៕ ល/Ha