កាលពីថ្ងៃពុធទី១៥មករា រុស្ស៊ីបានរិះគន់សហរដ្ឋអាម៉េរិកចំពោះការណែនាំទស្សនាទានឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មីមួយ ដែលខ្លួននិយាយថាមានគោលបំណងទប់ទល់ចិន។
ថ្លែងទៅកាន់សន្និសីទពិភពលោកនៅរដ្ឋធានីឥណ្ឌាដើម្បីពិភាក្សាអំពីបញ្ហាប្រឈមបំផុតដែលសហគមន៍ពិភពលោកកំពុងជួបប្រទះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ និយាយថា កិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិករហូតមកទល់ពេលនេះគឺផ្តោតលើអាស៊ីអាគ្នេយ៍។
លោកបាននិយាយថា ទស្សនាទានឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលកំពុងជំរុញដោយសហរដ្ឋអាម៉េរិកជប៉ុននិងប្រទេសដទៃទៀតគឺដើម្បីរៀបចំឡើងវិញនូវរចនាសម្ព័ន្ធដែលមានស្រាប់។
លោកឡាវរ៉ូវបាននិយាយថា “ហេតុអ្វីអ្នកចាំបាច់ហៅអាស៊ី-ប៉ាស៊ីហ្វិកថាឥណ្ឌូ-ប៉ាស៊ីហ្វិក? ចម្លើយគឺជាក់ស្តែង គឺដើម្បីដកចិនចេញ។ ពាក្យបច្ចេកទេសគួរតែជាការបង្រួបបង្រួម មិនមែនជាការបែងចែកទេ”។
សហរដ្ឋអាម៉េរិកនិយាយថា ក្របខ័ណ្ឌនៃការចូលរួមរបស់ឥណ្ឌូ-ប៉ាស៊ីហ្វិកគឺគាំទ្រដល់អធិបតេយ្យភាពតម្លាភាពអភិបាលកិច្ចល្អនិងសណ្តាប់ធ្នាប់ផ្អែកលើច្បាប់ក្នុងចំណោមរឿងផ្សេងទៀត។ តាមរយៈការប្រើពាក្យថា ឥណ្ឌូ-ប៉ាស៊ីហ្វិក សហរដ្ឋអាម៉េរិកក៏ចង់ផ្សព្វផ្សាយគំនិតថាវាជាតំបន់មួយដែលលាតសន្ធឹងហួសពីតំបន់ក្រោយផ្ទះរបស់ចិននិងសេដ្ឋកិច្ចខ្លានៅអាស៊ីបូព៌ា និងរួមបញ្ចូលទាំងមហាសមុទ្រឥណ្ឌាផងដែរ។
ក្នុងឆ្នាំ ២០១៨ ទីបញ្ជាការដ្ឋានអាម៉េរិកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានក្លាយជាទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិក។
កាលពីថ្ងៃពុធ លោកឡាវរ៉ូវក៏បានចោទប្រកាន់បណ្តាប្រទេសលោកខាងលិចផងដែរថាមិនបានគោរពឱ្យបានខ្ជាប់ខ្ជួនទៅនឹងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិសម្រាប់ការពិភាក្សាដោយផ្អែកលើសមភាពអធិបតេយ្យភាពនៃរដ្ឋនីមួយៗ ការមិនជ្រៀតជ្រែកក្នុងបញ្ហាផ្ទៃក្នុង បូរណភាពទឹកដី និង ការដោះស្រាយជម្លោះដោយសន្តិវិធី។
លោកបាននិយាយថា “មិត្តភក្តិលោកខាងលិចកំពុងប្រើប្រាស់ច្បាប់អន្តរជាតិតិចទៅៗ។ ជំនួសមកវិញ ពួកគេបានបង្កើតនូវគំនិតថ្មីមួយដែលពួកគេហៅថាសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់”។
លោកបាននិយាយថារុស្ស៊ីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅក្នុងតំបន់ឈូងសមុទ្រពែក្សហើយបានស្នើឱ្យបណ្តាប្រទេសនៅឈូងសមុទ្រពែក្សចាប់ផ្តើមគិតអំពីយន្តការសន្តិសុខសមូហភាព ដែលជាវិធានការពង្រឹងទំនុកចិត្តគ្នា។
លោកឡាវរ៉ូវនិយាយថា អ៊ីរ៉ង់បានស្នើឡើងនូវសន្ធិសញ្ញាមិនឈ្លានពានគ្នាដល់បណ្តារដ្ឋឈូងសមុទ្រពែក្សដទៃទៀត។ លោកបាននិយាយថាថ្មីៗនេះរុស្ស៊ីបានធ្វើសមយុទ្ធយោធាជាមួយចិននិងអ៊ីរ៉ង់នៅក្នុងតំបន់ដើម្បីមើលពីរបៀបដើម្បីធានាការពារការដឹកជញ្ជូនតាមសមុទ្រប្រកបដោយសុវត្ថិភាព។
រុស្ស៊ីសង្ឃឹមថា សមាជិកអចិន្រ្តៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិបូកទាំងសហភាពអឺរ៉ុបនិងអង្គការសហប្រតិបត្តិការអ៊ីស្លាមនឹងចូលរួមក្នុងយន្តការសន្តិសុខសមូហភាព៕ ដោយ៖ កញ្ញាដាលីស