ដោយ: ឆាយានាថ / ភ្នំពេញ: លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ថ្លែងថា ការស៊ើបអង្កេតសំណុំរឿងម្តាយតារាចម្រៀង ពេជ្រ សូលីកា សម្លាប់គូស្នេហ៍ស្រីស្រឡាញ់ស្រីដូចគ្នា បានបិទបញ្ចប់ហើយនៅដំណាក់ការអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។
លោកអធិការនគរបាលខណ្ឌមានជ័យ បន្តថា ករណីនេះ គឺមានតែម្តាយតារាចម្រៀង ពេជ្រ សូលីកា ដែលជាអ្នកប្រព្រឹត្ត ពោលគឺគ្មានអ្នកដទៃផ្សេងទៀតទេដែលត្រូវបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៥ ខែមករា នេះ។
នៅដំណាក់កាលប៉ូលិស ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង អាយុ៤៥ឆ្នាំ បានសារភាពរួចហើយថា ពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ ពិតប្រាកដមែន ដោយសារតែភ្លើងប្រច័ណ្ឌ។
អំពើឃាតកម្មដ៏រន្ធត់នេះ គឺបានកើតឡើងកាលពីវេលាម៉ោង២២ យប់ថ្ងៃទី១១ ខែមករា នៅផ្ទះលេខ L42A ក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
តាមដំណើររឿង គឺជនរងគ្រោះឈ្មោះ ងិន សុខលី បានជិះម៉ូតូតែម្នាក់ឯង មកលេងផ្ទះរបស់ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ដោយមានទំនាក់ទំនងស្រឡាញ់ស្រីដូចគ្នា។ ពេលនោះជនសង្ស័យបានឃើញជនរងគ្រោះពុំមានពាក់ចិញ្ចៀនពេជ្រទាំងពីរវង់ដូចធម្មតា បានខឹងប្រច័ណ្ឌ ដោយដឹងថាជនរងគ្រោះមានទំនាក់ទំនងជាមួយស្រីផ្សេងទៀត ទើបជនសង្ស័យបានទារលុយចំនួន១៥០០០ដុល្លារ ដែលឲ្យយកទៅរកស៊ីចងការពីជនរងគ្រោះមកវិញ។
តែជនរងគ្រោះមិនព្រមឲ្យ ក៏មានទំនាស់វាយប្រតាយប្រតប់គ្នា ។ពេលនោះជនរងគ្រោះមានអាការទន់ដៃ ទន់ជើង ដូចមនុស្សស្រវឹងស្រា ទើបជនសង្ស័យបានយកខ្សែអាវធ្វើពីក្រណាត់ចំនួនមួយខ្សែមកចងដៃជនរងគ្រោះទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយរហូតថប់ដង្ហើមស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែដៃជនរងគ្រោះ រួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតា។ល/សរន/Ha