​ដោយៈ មេសា​/​ភ្នំពេញៈ គ្រឿងសម្អាង​ជាច្រើន​មុខ​ដែល​កំពុង​ផ្សព្វផ្សាយ​នៅលើ ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ស្ត្រា​ប់​ឥសាន ដូចជា ៖ ឥសាន​សម្រស់​ធម្មជាតិ និងផលិតផល​គ្រឿងសម្អាង​ជាច្រើន​មុខ​ទៀត គឺជា​ផលិតផលគ្មាន​ចុះ​ប្រវេទន៍ គ្មាន​ការត្រួតពិនិត្យ​គុណភាព គ្មាន​ក្រុម​ហ៊ុម​ពិតប្រាកដ និង គ្មាន​ការអនុញ្ញាត​ច្បាប់​ពី​ក្រសួងសុខាភិបាល​ឡើយ ហើយ​ហ្វេ​ស​ប៊ុ​ក​ខាងលើនេះ ថែមទាំង​ផ្សព្វផ្សាយ​ភូតកុហក​បោកប្រាស់ និង បំផ្លើស​ហួស​ពី​ការពិត​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ។​


​ក្រសួងសុខាភិបាល បាន​បន្ថែមថា ដើម្បី ចៀសវាង​ខាតបង់​ប្រាក់ និង​ប៉ះពាល់​ដល់​សុខភាព ឬ អាច​ឈានដល់​បាត់បង់​អាយុជីវិតរបស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល សូម​ជូនដំណឹង​ដល់​សាធារណជន បញ្ឈប់​ការប្រើប្រាស់ ផលិតផល​គ្រឿងសម្អាង​ដែល​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​ខាងលើនេះ​ជាបន្ទាន់ ។

ក្រសួងសុខាភិបាល​បានប្រកាស​បញ្ជា​ឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ស្ត្រា​ប់​ឥសាន បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រកាស​ផ្សព្វផ្សាយ​លក់ ចែកចាយ ផលិតផល​ខាងលើនេះ​បន្តទៀត ហើយ​ប្រមូល​ផលិតផល​ទាំងនេះ​មកវិញ ដើម្បី កម្ទេចចោល ហើយ​ថា​ក្រសួង​ក្រសួងសុខាភិបាល​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី ស្ត្រា​ប់​ឥសាន នេះ តាមច្បាប់​ជា​ធរមាន ។​


​សេចក្តីប្រកាស​ដដែល​នេះ បាន​សង្កត់ធ្ងន់ថា ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ផលិតផល​ខាងលើនេះ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​រពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕ Kh/Ha

ផលិតផល​គ្រឿងសម្អាង​ដែល​ប្រកាស​លក់​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ស្ត្រា​ប់​ឥសាន ដែល​ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ឈប់​ប្រើប្រាស់ និង ចែកចាយ (​ ក្រសួងសុខាភិបាល​ )