ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ ឆ្លៀតឱកាស​នៃ​ការចូលរួម​វេទិកា​ទេសចរណ៍​អាស៊ាន ២០២០ នៅ​ប្រទេស​ប្រ៊ុយណេ លោក​ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក គិ​កែវ ខាយ ខាំ​ភិ​ធូ​ន (Kikeo Khaykhamphithoune) រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ ដោយបាន​ពិភាក្សា​ជំរុញ​ការងារ​បន្ថែមទៀត​ស្តីពី កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ រួមមាន​៖

១៖ ជំរុញ​ទេសចរ​បើកបរ​ខ្លួនឯង (Self-driving Tour) រវាង​ប្រទេស​ទាំងពីរ ដោយ​ធ្វើការ​សម្រួល​បែបបទ​ផ្សេងៗ ឲ្យ​មាន​ភាពងាយស្រួល​ដល់​អ្ន​ក​ដំណើរ​នៅពេល​បើកបរ​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។​


២៖ ពិភាក្សា​លើ​លទ្ធភាព​ឲ្យ​មានការ​ហោះហើរ​ត្រង់​ពី​ប្រទេស​ឡាវ​មក​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​។​


៣៖ ចែករំលែក​បទពិសោធ​ន៍ និង​អភិវឌ្ឍន៍​រួមគ្នា​លើ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ក្នុង​ក្របខ័ណ្ឌ​នៃ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​។​


៤៖ ជំរុញ​ឲ្យ​កាន់តែខ្លាំង​ឡើង​ថែមទៀត​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​អនុតំបន់​នានា ដូចជា​៖ កិច្ចសហប្រតិបត្តិការ​មហា​អនុតំបន់​ទន្លេមេគង្គ កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង កិច្ចសហប្រតិបត្តិការ ACMECS កិច្ចសហប្រតិបត្តិការ CLMV កិច្ចសហប្រតិបត្តិការ CLV​។​

​ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក​ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គី​ភាពជា​បងប្អូន ដែល​ធ្លាប់​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​ពី​អតីតកាល​។ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​ជំរុញ​ឲ្យ​មាន​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ហើយ​ភាគី​ឡាវ​បាន​ទទួលយក​ការអញ្ជើញ​របស់ លោក ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា មក​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ចុងឆ្នាំ​២០២០ នៅ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា តាម​ស្ថិតិ​ជាបឋម ឆ្នាំ​២០១៩ កម្ពុជា​បានទទួល​ទេសចរ​បរទេស​សរុប​ប្រមាណ ៦,៧​លាន​នាក់ កើនឡើង​ប្រមាណ ៨%​។ ក្នុងនោះ​រយៈពេល ១០​ខែ ទេសចរ​ឡាវ​មាន​ចំនួន ២៦៤.២៤៣​នាក់ ឈរ​នៅ​លំដាប់​ទី​៤ នៃ​ទីផ្សារ​ធំៗ ទាំង​១០៕ ​/Ha