ដោយ: បូកគោ / កំពត: អតីតយុទ្ធជនជាវីរបុរសដែលធ្លាប់បូជាកម្លាំងកាយចិត្តដោយឥតស្តាយស្រណោះដើម្បីបុព្វហេតុនៃការរស់រាន និងភាពរីកចម្រើនសម្រាប់ប្រទេសជាតិ។ រាជរដ្ឋាភិបាល មិនបានបំភ្លេចចំពោះគុណបំណាច់ដ៏ថ្លៃថ្លាទាំងនេះ តាមរយៈការឆ្លើយតបនូវរាល់តម្រូវការចាំបាច់គ្រប់ពេលវេលា។
ក្នុងពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន២០គ្រួសារស្ថិតនៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាមិនបំភ្លេចនូវគុណបំណាច់របស់អតីតយុទ្ធជនដែលធ្លាប់បូជាកម្លាំងកាយចិត្តដើម្បីបុព្វហេតុជាតិមាតុភូមិឡើយ។ ឆ្លើយតបចំពោះវីរភាពទាំងនោះ អតីតយុទ្ធជនទាំងអស់តែងតែទទូលបាននូវការគិតគូរ និងការទំនុកបម្រុងជានិច្ចពីថ្នាក់ដឹកនាំ ស្របតាមតម្រូវការចាំបាច់។ ជាក់ស្តែងនាពេលនេះ សមាគមអតីតយុទ្ធជនកម្ពុជាបានប្រគល់ផ្ទះចំនួន២០ខ្នង ជូនដល់បងប្អូនអតីតយុទ្ធជនទាំង២០គ្រួសារ ដើម្បីបានស្នាក់នៅ និងប្រកបរបរចិញ្ចឹមជីវិតក្នុងភាពសមរម្យដូចបងប្អូនប្រជាពលរដ្ឋទូទៅ។
លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា សមាគមអតីតយុទ្ធជនកម្ពុជានៅតែបន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនដទៃទៀត ដែលធ្លាប់មានគុណបំណាច់សម្រាប់ប្រទេសជាតិ ដោយមិនបណ្តែតបណ្តោយឱ្យបងប្អូនរស់នៅក្នុងភាពឯកោឡើយ។ ជាមួយនេះដែរ ក្នុងនាមសមាគមអតីតយុទ្ធជនកម្ពុជា លោកសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាបន្តការយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជន ដែលជួបការលំបាកដោយជួយពួកគាត់ឱ្យបានទាន់ពេលវេលានូវរាល់តម្រូវការផ្សេងៗ។ ចំណែកអតីតយុទ្ធជន និងក្រុមគ្រួសារវិញត្រូវណែនាំកូនចៅឱ្យខិតខំរៀនសូត្រ និងបញ្ចៀសពីអំពើអបាយមុខទាំងឡាយដើម្បីរួមចំណែកក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ៕ ល