ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement សម្រាប់​ថ្ងៃទី​១៩ មករា នេះ អ្នក​ប្រដាល់ គង់ សំបូរ ក្លិប​គុហារ​ព្រហ្ម​ជ័យ ត្រូវ​ជួប​ជាមួយ អ្នក​ប្រដាល់ សេក គឹម​រូ​ន ក្លិប​ម្កុដ​រាជសីហ៍ ។​

​ពួកគេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង និង​ចាស់វស្សា​ដូចគ្នា ពិសេស​សំបូរ គេ​ជា​អ្នក​ប្រដាល់​មួយរូប កំពុងតែ​លេចធ្លោ លើស​ង្វៀន​យុទ្ធ​គុន​ចម្រុះ (Mixed Martial Art) ដោយ​គេ​ឩ​ស្សហ៍ ចេញទៅ​ប្រកួត នៅក្រៅ​ប្រទេស ជា​ញឹកញាប់​គ្រាន់បើ ។ អ្នក​ប្រដាល់​ជំនាញ ជើងឆ្វេង​រូបនេះ មួយរយៈ​នេះ គេ​មិនសូវ​មានឱកាស ប្រកួត​ឡើយ ដោយសារតែ​គេ​មានការ​ធ្លាក់ចុះ​ច្រើន ។​

​ចំពោះ សេក គឹម​រូ​ន វិញ មួយរយៈ​នេះ គេ​ក៏​ជួប​បរាជ័យ ក្នុងការ​ប្រកួត​ញឹកញាប់​ដែរ ។ គឹម​រូ​ន កំពស់​របស់គេ ចាញ់​ប្រៀប សំបូរ ដាច់​តែម្ដង តែ​គេ​ជា​អ្នក​ប្រដាល់ មួយរូប ចូលចិត្ត​វ៉ៃ​ប្ដូរ​ណាស់ ទោះបី​មួយ​ចាន​ទឹក មួយ​ចាន​គោក​ក៏ដោយ ។ ជា​អ្នក​ប្រដាល់ ដែល​ប្រើ​កម្លាំង​ហួសប្រមាណ​នោះ គេ​ច្រើនតែ​ធ្លាក់ចុះ នៅ​ទឹក​ទី​៤ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែ​មានឱកាស ដើម្បី​ឈ្នះ​ដូចគ្នា ។ ចាំមើល សេក គឹម​រូ​ន ឬ គង់ សំបូរ ជា​អ្នក​ប្រជែង បាន​​កៅអី សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២ ? ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ផាន រះ ក្លិប​តា​ព្រហ្ម​មានជ័យ ជួប​ជាមួយ​កំពូល អ្នក​ទាត់​ផ្កាប់​ចាន សោម វិឆ័យ​របស់​ក្លិប​ពន្លឺ​វិបុល ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ មិនមែនជា​អ្នក​ប្រដាល់ ដែលមាន​ឈ្មោះ បោះ​សម្លេង​ខ្លាំង​នោះទេ ។ គេ​ជា​អ្នក​ប្រដាល់​ជើងចាស់ ដែល​ធ្លាប់បាន​ចូលរួម ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ជា​ញឹកញាប់ តែ​ពួកគេ​ពុំ​ធ្លាប់​ប្រជែង​បាន ខ្សែក្រវាត់ មក​គ្រប់គ្រង​ឡើយ​។ សម្រាប់​ជំនួប​គ្នា​នេះ ពួកគេ សុទ្ធតែ​បាន​អះអាងថា គេ​ត្រៀមខ្លួន​បានល្អ ហើយ​គេ​ប្រកាសថា នឹង​ប្រជែង​ឲ្យ​បាន​កៅអី សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២ ដូចគ្នា ។ ចាំមើល នរណា ធ្វើបាន​សម្រេច ? ។​

​ការប្រកួត​ជា​មិត្តភាព ជាមួយ​អ្នក​ប្រដាល់​ថៃ វិញ​នោះ ហ៊ឹម គឹម​រៀង ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ ឈូ ភេ​ច (Chhou Phich) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ឈូ ភេ​ច គេ​ទើបតែ​ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ជា​លើក​ទី​១ នេះ​ទេ មិនមាន​នរណា​ដឹងថា គេ​ខ្លាំង ឬ ខ្សោយ​នោះទេ តែ​គេ​ហ៊ាន​ឡើង​សង្វៀន តស៊ូ​ជាមួយ គឹម​រៀង ហើយ ទំនងជា​មិន​ខ្សោយ​ឡើយ ។​

​សូមបញ្ជាក់ថា អ្នក​ប្រដាល់​កម្ពុជា ហ៊ឹម គឹម​រៀង ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង វ័យក្មេង​មួយរូប កំពុងតែ​រាតត្បាត លើស​ង្វៀន ។ ជំនួប​មួយ​នេះ ប្រសិនបើ ហ៊ឹម គឹម​រៀង ចាញ់​នោះ ក៏​អ្នក​ប្រដាល់​ថៃ រូបនេះ ទក់​សាច់​ដែរ ។ ទោះបី​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មិនអាច​មើលស្រាល បាន​ក៏ពិតមែន តែ​គេ​ជឿថា គឹម​រៀង នឹង​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ។​

​ជំនួប​រវាង​អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ​លីន វិចិត្រ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឡាញ ផល្លា ក្លិប​អេ​ភូ​ថង​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v

ហ៊ឹម គឹម​រៀង និង​ឈូ ភេ​ច​