ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
អូរ​សោម ដែលជា​តំបន់​ឆ្ងាយ ដាច់ស្រយាល​មួយ របស់​ខេត្តពោធិ៍សាត់ នឹង​ក្លាយជា​កន្លែង ប្រកួត​កីឡា​ទេសចរណ៍ ថ្មី​មួយទៀត​របស់​កម្ពុជា ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា ថ្មីៗ​នេះ យើង​បាន​រកឃើញ តំបន់​ទេសចរណ៍ ធម្មជាតិ​ជាច្រើន ដែល​នៅ​ឆ្ងាយៗ មិនទាន់មាន​នរណា ទៅដល់ ។ សម្រាប់​តំបន់​អូរ​សោម ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តពោធិ៍សាត់​នោះ ស្ថិត​នៅជាប់​ព្រំដែន​ថៃ ដែលមាន​ចម្ងាយ​ប្រមាណ ២០០ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តពោធិ៍សាត់ ។​

​ជា​តំបន់​ទេសចរណ៍​ព្រហ្មចារី​យ៍ ដែល​ទើបតែ​រកឃើញ ហើយ​ឆ្នាំនេះ ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា និង​ថៃ នឹង​បង្កើត​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍ នៅ​ទីនោះ ។ លោក​បាន​បន្តថា ព្រឹត្តិការណ៍​កីឡា អាច​នឹងមាន​ការប្រណាំង​កង់ តាម​ភ្នំ ការដើរ និង​រត់ឡើង​ភ្នំ និង​ប្រភេទ​កីឡា មួយចំនួនទៀត ។​

​លោក​បាន​បន្តថា ធម្មជាតិ នៅ​ទីនោះ ល្អ និង​មាន​ភាព​ទាក់ទាញ សម្បើម​ណាស់ ។ ទីនោះ នឹង​ក្លាយជា​កន្លែង​ប្រកួត​កីឡា បែប​ទេសចរណ៍​ថ្មី​មួយទៀត ដូច​នៅ​ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ និង ភ្នំ​បូកគោ នៃ​ខេត្តកំពត ៕v

លោក ​វ៉ា​ត់ ចំរើន​