ដោយៈចាន់តូ/ភ្នំពេញ ៖ រថយន្តម៉ាកហុីយ៉ាន់ដាយទ្រុង១គ្រឿងដឹកទឹកសុទ្ធ ខណៈកំពុងបើកបរ សុខៗស្រាប់តែដាច់កង់ក្រោយខាង ស្ដាំ២គ្រាប់ បណ្ដាលឲ្យក្រឡាប់បោកផ្ទប់របងផ្ទះអ្នកភូមិ និងបាក់បង្គោលភ្លើងថ្ម១ដើម ប៉ុន្តែជាសំណាងល្អមិនបង្លឲ្យមានអ្នករងគ្រោះនោះឡើយ ហើយរថយន្តនោះបានរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅលើបេតុងក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។រថយន្តទ្រុងម៉ាកហុីយ៉ាន់ដាយ១គ្រឿងនោះពណ៍សពាក់ស្លាកលេខភ្នំពេញ3D-9819 ជារថយន្តដឹកទំនិញហើយអ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តនោះបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ហើយកំពុងតែបើកបរក្នុងល្បឿនលឿនផងនោះ ស្រាប់តែដាច់កង់ក្រោយខាងស្ដាំអស់២គ្រាប់ រួចក៏ក្រឡាប់សង្កត់លើរបងថ្ម និងបង្គោលភ្លើងបាក់អស់១ដើមតែម្ដង។ ខណៈនោះសំណាងខ្លាំងណាស់ដែលពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ហើយអ្នកបើកបរក៏មិនបានរងគ្រោះថ្នាក់ដែរ បន្ទាប់មបានដើរចាកចេញពីកន្លែងកើតហេតុបាត់។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្ដែងហើយបានឃើញមានការប៉ះពាល់ដល់របងផ្ទះអ្នកភូមិ និងបង្គោលភ្លើងផងនោះ ទើបប្រគល់ទៅឲ្យផ្នែកនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមផ្លូវច្បាប់៕B/