ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ សហការជាមួយនឹងក្រុមហ៊ុនលំនៅឋានអារ៉ាខាវ៉ា គ្រោងនឹងនិមន្ដ អញ្ជើញ ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្ដី និងលោកបណ្ឌិត អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា រៀបចំសិក្ខាសាលាស្ដីពីសុខភាពក្រោមប្រធានបទ “ ឥទ្ធិពលសុខភាពផ្លូវចិត្តលើផ្លូវកាយ” នៅ១០ថ្ងៃទៀតខាងមុខនេះ។

នេះបើយោងតាម សេចកី្តជូនដំណឹងរបស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ដែលក្នុងសេចកី្តជូនដំណឹងនេះមានន័យដើមទាំងស្រុងថា៖ ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់តម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋក៏ដូចជាផ្សព្វផ្សាយពុទ្ធិ ព្រះធម៌វិន័យ និងការអប់រំផ្លូវចិត្ត ដើម្បីឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋខ្មែរ ស្ថានឯកអគ្គរាជទូតកម្ពុជាបានសហការជាមួយនឹងក្រុមហ៊ុនលំនៅឋានអារ៉ាខាវ៉ា បាននិមន្ដនិងអញ្ជើញ ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្ដី និងលោកបណ្ឌិត អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា ដើម្បីរៀបចំសិក្ខាសាលាស្ដីពីសុខភាពក្រោមប្រធានបទ “ ឥទ្ធិពលសុខភាពផ្លូវចិត្តលើផ្លូវកាយ” ជូនបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េបានចូលរួមដោយសេរី។

សិក្ខាសាលានឹងប្រព្រឹត្តទៅតាមទីតាំងនិងកាលបរិច្ឆេទដូចខាងក្រោម៖ សម្រាប់ទីក្រុងគីមផូ៖នឹង ប្រារព្ធនៅហាងខ្មែរល្ងាចនឹក នាថ្ងៃសុក្រ ទី២៤ ខែ មករា ឆ្នាំ ២០២០ ចាប់ពីម៉ោង ១៤និង០០ រសៀលតទៅ ។សម្រាប់ ទីក្រុងអ៊ឺយចងប៊ូ៖ ប្រារព្ធនៅផ្សារក្រោមដីអ៊ឺយចងប៊ូ ច្រកលេខ៣-៣ នាថ្ងៃសៅរ៍ ទី ២៥ ខែ មករា ឆ្នាំ ២០២០ ចាប់ពីម៉ោង ១៤និង០០ រសៀលតទៅ។

អាស្រ័យ ដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់អញ្ជើញចូលរួមឱ្យបានច្រើនកុះករ និងសូមចែករំលែកព័ត៌មានបន្ដ ហើយចំពោះព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ លោក ពេជ ស៊ីសុបុត្រា 010-2820-7480 និងលោក ជា លីសែ 010-4447-7168៕B/