ដោយ:គូលែន/សៀមរាប ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាប មានរៀបចំបើកកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ ២០២០ នេះ ដោយមានការចូលរួមពីលោក មាស សារិន អនុប្រធានអចិន្ត្រៃយ៍ សហព័ន្ធកីឡាទូកកានូ និងទូករ៉ូអ៉ីងកម្ពុជា និង លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បាននិយាយថា កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ ការយ៉ាក់ និងទូករ៉ូអ៉ីង ជ្រើសរើសជើងឯកភូមិភាគទាំង ៥ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ ២០២០ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ ២០២០ និងពិធីតាំងពិព័រណ៍ និងប្រគុំតន្ត្រីចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែររៀបចំឡើងដោយសហព័ន្ធកីឡាទូកកានូ និងទូករ៉ូអ៉ីង។
លោកបានបន្តថា ការរៀបចំកម្មវិធីនេះ គឺដើម្បីបំផុស និងលើកកម្ពស់ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ ការយ៉ាក់ និងទូករ៉ូអ៉ីង អោយមានសកម្មភាពទូទាំងប្រទេស ជាពិសេសយុវជនចូលរួមលេងកីឡា និងជៀសផុតពីគ្រឿងញៀន និងលើកកម្ពស់សុខមាលភាព សមត្ថភាព សម្រាប់ចូលរួមការប្រគួតកីឡាទូកថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដើម្បីឆ្ពោះទៅកីឡាស៊ីហ្គេម Sea Games លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕B/