ដោយ:គង់ហេង/កំពង់ចាម ៖ អគ្គិសភ័យដែលនៅមិនទាន់ដឹងពីមូលហេតុបានលេបត្របាក់រាបដល់ដី លំនៅស្ថានចំនួន បី ខ្នងរបស់ប្រជាពលរដ្ឋ នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ នៅយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០។ ប៉ុន្តែករណីភ្លើងឆេះនោះពុំបានប៉ះពាល់ដល់អាយុជីវិតឡើយ។
ជាមួយនោះដើម្បីជាការចូលរួមសោកស្តាយ និងសួរសុខទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះខាងលើ លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ដែលបានអមដំណើរដោយមន្រ្តីពាក់ព័ន្ធ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តនេះ ជូនដល់គ្រួសារទាំងបី។
មន្រ្តីសាលាស្រុកស្ទឹងត្រង់បានឲ្យដឹងថា លំនៅស្ថានជនរងគ្រោះទាំងបីសង់ពីឈើប្រក់ដំបូលស័ង្កសីដូចគ្នា មាន ១. ផ្ទះកម្មសិទ្ធិរបស់លោក ឡង់ ឌី ជាផ្ទះទំហំទទឹង ប្រាំម៉ែត្រ និងបណ្តោយ ប្រាំពីរ ម៉ែត្រ ២. ផ្ទះរបស់អ្នកស្រី សុខ ផៃ មានទទឹង ប្រាំ ម៉ែត្រ និងបណ្តោយ ប្រាំពីរ ម៉ែត្រដែរ និង ៣. ផ្ទះរបស់អ្នកស្រី លឹម សុខលីន មានទទឹង បួន ម៉ែត្រ និងបណ្តោយ ប្រាំ ម៉ែត្រ៕B/