ក្រុមហ៊ុន Ford Motor Co (F.N.) បាននិយាយកាលពីថ្ងៃអង្គារទី១៤មករាថា ខ្លួនកំពុងវិនិយោគទឹកប្រាក់ចំនួន ៨២ លានដុល្លារដើម្បីពង្រីករោងចក្ររបស់ខ្លួននៅភាគខាងជើងប្រទេសវៀតណាមដើម្បីបង្កើនសមត្ថភាពផលិតកម្ម។
ក្រុមហ៊ុន Ford Vietnam ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ បាននិយាយថា រោងចក្រដែលបានពង្រីកនេះនឹងជួយបង្កើនសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំរបស់ក្រុមហ៊ុនអាម៉េរិកនៅវៀតណាមដល់ ៤០.០០០ គ្រឿងពីបរិមាណ ១៤.០០០ គ្រឿងក្នុងមួយឆ្នាំ។
ក្រុមហ៊ុនបានរាយការណ៍ថា ខ្លួនបានលក់រថយន្តចំនួន ៣២.១៧៥ គ្រឿងក្នុងឆ្នាំ ២០១៩ គឺកើនឡើង ៣១ ភាគរយបើធៀបនឹងឆ្នាំទៅមិញ។
ការវិនិយោគបន្ថែម ដែលនឹងធ្វើឱ្យការវិនិយោគសរុបរបស់ក្រុមហ៊ុននៅក្នុងប្រទេសវៀតណាមមានចំនួនជាង ២០០ លានដុល្លារ នឹងធ្វើជាពីរដំណាក់កាលក្នុងរយៈពេលពីរឆ្នាំដែលចាប់ផ្តើមនៅឆ្នាំនេះ។
អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ឌូ ថាងហៃ បាននិយាយថាលោករំពឹងថាការពង្រីករោងចក្រនេះនឹងកាត់បន្ថយការពឹងផ្អែករបស់វៀតណាមលើយានយន្តនាំចូល ហើយដូច្នេះនឹងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ប្រទេស។
ការសាងសង់នឹងពង្រីកទីតាំងរោងចក្រនៅលើផ្ទៃដី ៦០.០០០ ម៉ែត្រការ៉េបន្ថែមទៀត ដែលនឹងធ្វើឱ្យផ្ទៃដីសរុបឡើងដល់ ២២៦.០០០ ម៉ែត្រការ៉េ៕ ដោយ៖ កញ្ញាដាលីស