ដោយៈ មេសា/ភ្នំពេញៈ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពក្យសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២០ នេះ មិនទាន់រកឃើញករណីកើតជំងឺរលាកសួតប្រភេទថ្មីនៅកម្ពុជា សូម្បីតែករណីសង្ស័យ ក៏មិនទាន់រកឃើញដែរ ។
ប៉ុន្មានថ្ងៃមុននេះ ជំងឺរលាកសួតមួយប្រភេទ ដែលពួកអ្នកវេជ្ជសាស្ត្រមិនស្គាល់អត្ដសញ្ញាណ ត្រូវបានរកឃើញនៅទីក្រុង អ៊ូហាន ខេត្ត ហ៊ូប៉ី នៃ ប្រទេសចិន ដែលនៅទីនោះ វាបានបណ្តាលឱ្យមនុស្សឈឺជាច្រើននាក់ ហើយមានអ្នកខ្លះស្លាប់ ។ បន្ទាប់មកសារព័ត៌មាន បាងកកប៉ុស្តិ៍ របស់ ថៃ បានចេញផ្សាយកាលពីយប់ថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ថាអ្នកដំណើរម្នាក់ជាជនជាតិ ចិន ត្រូវបានរកឃើញថា បានឆ្លងវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មីនោះ នៅពេលអ្នកដំណើររូបនេះបានទៅដល់ប្រទេស ថៃ ហើយពេលនេះអ្នកជំងឺរូបនោះកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមួយនៅប្រទេស ថៃ ហើយថាគាត់នឹងអាចចាកចេញពីមន្ទីរពេទ្យត្រឡប់ទៅចិនវិញក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ។
ចំណែកនៅកម្ពុជា បន្ទាប់ពីទទួលបានព័ត៌មានទាំងនេះ ជាពិសេសតាមរយៈអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា មក កម្ពុជា បានដាក់វិធានការមួយចំនួន ដើម្បី តាមដាន និង ទប់ស្កាត់ជំងឺរលាកសួតប្រភេទថ្មីនេះ ដោយ ក្រសួងសុខាភិបាល បានបំពាក់ម៉ាស៊ីនស្កេនកម្ដៅ នៅតាមច្រកចេញចូលនានា ដូចជាច្រកព្រំដែនជាមួយប្រទេសជិតខាង និង នៅតាមអាកាសយានដ្ឋានទាំង ៣ របស់ខ្លូន គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋាន ក្រុងព្រះសីហនុ និង អាកាសយានដ្ឋាន សៀមរាប គឺជាអ្វីដែលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ហៅថា ជាការត្រួតពិនិត្យតាមដានទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ទាំងក្រៅប្រទេស និង ក្នុងប្រទេស ។
ក្រសួងសុខាភិបាល ក៏បានអះអាងផងដែរថា ខ្លួនបានត្រៀមបន្ទប់ដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ( ពេទ្យរុស្ស៊ី ) ជាដើ មួយអន្លើដោយ សម្ភារ បរិក្ខារពេទ្យ និង ឱសថ សម្រាប់ព្យាបាលផងដែរ ថែមទាំងបានជូនដំណឹងដល់មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលទាំង២៥ រាជធានី-ខេត្ត ឲ្យត្រៀមលក្ខណៈជាស្រេច ក្នុងការឆ្លើយតប និងផ្តល់អន្តរាគមន៍ជាបន្ទាន់ ប្រសិនបើមានករណីសង្ស័យ ។
ទោះយ៉ាងណា លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ក្រើនរំឭក ដល់អ្នកដែលធ្វើដំណើរទៅ ឬវិលត្រឡប់មកពីទីក្រុង អ៊ូហាន ខេត្ត ហ៊ូប៉ី នៃ ប្រទេស ចិន ត្រូវប្រុងប្រយ័ត្នខ្ពស់ ហើយប្រសិនបើមិនចាំបាច់ សូមកុំប៉ះពាល់សត្វរស់ ។ ប៉ុន្តែប្រសិនបើចាំបាច់ប៉ះពាល់សត្វរស់ ត្រូវពាក់ម៉ាស់ លាងដៃសម្អាតដោយសាប៊ូ និង ចម្អិនអាហារឱ្យឆ្អិនល្អ ព្រោះជំងឺនេះ មិនទាន់រកឃើញថា ឆ្លងពីមនុស្សទៅ មនុស្សទេ គឺវាឆ្លងពីសត្វរស់ទៅមនុស្ស គ្រាន់តែថា គេមិនទាន់ដឹងថា សត្វរស់នោះ ជាសត្វអ្វីនៅឡើយ ៕ Kh