ប៉ូលិសនៅវៀតណាមភាគកណ្តាលបានរឹបអូសបានសាច់ឆ្មា៦០០គីឡូក្រាមពីរថយន្តក្រុងមួយដែលធ្វើដំណើរពីភាគខាងត្បូងមកខាងជើង។ខ្មោចឆ្មាទាំងនេះត្រូវគេដាក់ក្លាស្សេក្នុងកេះស្នោចំនួន៦។
ការចាប់បានសាច់ឆ្មាជាងនេះធ្វើឡើងនៅទីប្រជុំជនមួយក្នុងខេត្តហាទីញ កាលពីយប់ថ្ងៃចន្ទ ក្រោយប៉ូលិសចរាចរណ៍ឃាត់ឆែករថយន្តក្រុង ដែលបានចេញពីខេត្តគៀនយ៉ាងភាគខាងត្បូង។
អ្នកបើកបររថយន្តក្រុងបានប្រាប់ប៉ូលិសថា ខ្លួនទទួលបញ្ញើពីមនុស្សម្នាក់អោយនាំទំនិញក្នុងកេះស្នោនេះទៅអោយមនុស្សម្នាក់នៅខេត្តថាយ ប៊ីញ ហើយខ្លួនមិនដឹងថាក្នុងកេះទាំងនេះមានអ្វីទេ។
ឥឡូវទាំងម្ចាស់រថយន្តនិងអ្នកបើកត្រូវបានប៉ូលិសឃាត់ខ្លួនទុកដើម្បីស៊ើបអង្កេតបន្ថែម។
ក្រោមច្បាប់វៀតណាម ពួកគេនឹងត្រូវស៊ើបអង្កេតចំពោះការដឹកជញ្ជូនទំនិញមិនស្គាល់ប្រភពដើម ហើយមិនមានច្បាប់ពាក់ព័ន្ធនឹងការសម្លាប់ លក់ និងស៊ីសាច់ឆ្មា ឬឆ្កែទេនៅវៀតណាម។
ទោះជាអាជ្ញាធរបានព្យាយាមអបរំកុំអោយប្រជាជនស៊ីសាច់ឆ្កែ សាច់ឆ្មាក៏ជំនួញនិងម្ហូបសាច់ឆ្មាសាច់ឆ្កែនៅតែពេញនិយមនៅវៀតណាម។ភោជនីយដ្ឋានខ្លះថែមទាំងប្រើសាច់ឆ្មានាំចូលមកពីចិនថែមទៀត ដោយសារឆ្មាក្នុងស្រុកកាន់តែខ្សត់៕ប្រែសម្រួល៖វាសនា
ប៉ូលិសម្នាក់នៅខេត្តហាទីញនៅវៀតណាមភាគកណ្តាល ពិនិត្យមើលខ្មោចឆ្មាដែលចាប់បានពីរថយន្តក្រុងមួយឆ្លងកាត់ខេត្តកាលពីថ្ងៃ១៤មករា ឆ្នាំ២០២០