ស៊ូដង់បាននិយាយកាលពីថ្ងៃពុធទី១៥មករាថាទាហានពីរនាក់ត្រូវបានសម្លាប់នៅពេលកងកម្លាំងរដ្ឋាភិបាលបានបង្ក្រាបការបះបោរមួយដែលធ្វើឡើងដោយពួកភ្នាក់ងារសន្តិសុខនៃទីភ្នាក់ងារសន្តិសុខជាតិដែលគេបារម្ភជាយូរមកថាអាចនឹងប្រឆាំងផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ប្រទេស។
កាលពីថ្ងៃអង្គារ ការផ្ទុះអាវុធបានកើតឡើងនៅមូលដ្ឋានពីរនៃអគ្គនាយកដ្ឋានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ទូទៅក្នុងក្រុងខាទុម ដែលពីមុនគេស្គាល់ថា ទីភ្នាក់ងារស៊ើបការណ៍និងសន្តិសុខជាតិ បន្ទាប់ពីភ្នាក់ងារខ្លះបានបដិសេធផែនការចូលនិវត្តន៍ដែលស្នើដោយអាជ្ញាធរថ្មីរបស់ប្រទេស។
ពួកភ្នាក់ងារ NISS គឺជាអ្នកឈានមុខគេក្នុងការបង្ក្រាបក្រុមបាតុករក្នុងអំឡុងពេលនៃការបះបោរទូទាំងប្រទេស ដែលនាំឱ្យមានការបណ្តេញជនកាន់អំណាចផ្តាច់ការចាស់វស្សា អូម៉ា អាល់បាសៀរ កាលពីខែមេសាឆ្នាំមុន។
នៅល្ងាចថ្ងៃអង្គារ ទាហានមកពីជួរកងទ័ពធម្មតានិងមកពីកងកម្លាំងគាំទ្ររហ័ស (RSF) បានឆ្មក់ចូលមូលដ្ឋានទាំងនេះ ចំពេលមានការបាញ់គ្នាយ៉ាងខ្លាំងក្លា។
ឧត្តមសេនីយ៍ឯក អូស្មាន់ ម៉ូហាម៉េត អាល់ហាសសាន់ នាយសេនាធិការស៊ូដង់ បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីព្រឹកថ្ងៃពុធថា “យើងបានសម្រេចចិត្តឆ្មក់ចូលមូលដ្ឋានដើម្បីបញ្ចប់ការបះបោរ…ឥឡូវនេះយើងបានកាន់កាប់មូលដ្ឋានទាំងនេះហើយ។ យើងបានបាត់បង់ទាហានពីរនាក់និងមនុស្សបួននាក់ទៀតរួមទាំងមន្រ្តីពីរនាក់បានរងរបួស”។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ហ្វៃសាល ម៉ូហាម៉េត សាឡេះ បាននិយាយថា ការបះបោរនេះត្រូវបានធ្វើឡើងដោយពួកភ្នាក់ងារ NISS មួយចំនួន ដែលបានច្រានចោលចំនួនទឹកប្រាក់បម្រុងទុកសម្រាប់ការចូលនិវត្តន៍៕ ដោយ៖ កញ្ញាដាលីស