ក្រុមមន្ត្រីបាននិយាយថាសត្វអូដ្ឋជាង៥.០០០ ក្បាលត្រូវបានសម្លាប់ចោលនៅប្រទេសអូស្ត្រាលីក្នុងរយៈពេល៥ថ្ងៃនៅខែមករានេះបន្ទាប់ពីពួកវាប្រឈមមុខនឹងសហគមន៍ជនបទក្នុងអំឡុងពេលគ្រោះរាំងស្ងួត។
ក្រុមអ្នកបាញ់ជាច្រើននាក់នៅលើឧទ្ធម្ភាគចក្រច្រើនគ្រឿងបានបាញ់ទៅលើហ្វូងសត្វព្រៃដែលបានធ្វើដំណើរទៅរកទឹកនៅតាមតំបន់ជនបទនៅផ្នែកខ្លះដែលរងគ្រោះភាពរាំងស្ងួតនៅភាគខាងត្បូងនៃប្រទេសអូស្ត្រាលី។
ក្រុមមេដឹកនាំជនជាតិដើមបាននិយាយថាហ្វូងសត្វធំៗ បានប្រឈមនឹងការខ្វះខាតចំណីនិងទឹកហើយបានធ្វើខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ។
ប្រទេសអូស្ត្រាលីត្រូវបានគេជឿថាមានសត្វអូដ្ឋដ៏ច្រើនជាងគេបំផុតនៅលើពិភពលោកបន្ទាប់ពីពួកវាត្រូវបាននាំមកទ្វីបនេះនៅទសវត្សរ៍ឆ្នាំ ១៨៤០ ។
ការសម្លាប់សត្វចោលនេះ បានកើតឡើងស្របពេលដែលអូស្ត្រាលីបានទទួលរងអាកាសធាតុក្តៅនិងរាំងស្ងួតបំផុតដែលមិនធ្លាប់មាននៅក្នុងឆ្នាំ២០១៩ជាមួយនឹងភាពរាំងស្ងួតធ្ងន់ធ្ងរដែលបណ្តាលឱ្យទីក្រុងមួយចំនួនគ្មានទឹកប្រើប្រាស់និងបណ្តាលឱ្យភ្លើងឆេះព្រៃកាន់តែខ្លាំងឡើងដែលបានបំផ្លិចបំផ្លាញខ្លាំងនៅតំបន់ភាគអាគ្នេយ៍នៃប្រទេសនេះ៕ប្រែសម្រួល៖សុខា/sn
ការសម្លាប់ចោលសត្វអូដ្ឋដ៏ច្រើននៅរដ្ឋអូស្ត្រាលីខាងត្បូងត្រូវបានធ្វើឡើងដើម្បីបញ្ឈប់សត្វទាំងនេះពីការបំផ្លិចបំផ្លាញនៅពេលពួកគេស្វែងរកទឹកនៅក្នុងតំបន់រាំងស្ងួត