​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​មករា​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចំនួន​២​ដោយសារ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កូរ៉េខាងជើង​នៅ​បរទេស​ប៉ុន្តែ​បាន​ចូល​​រួម​ជាមួយ​ប្រទេស​សម្ពន្ធមិត្ត​ជប៉ុន​និង​កូរ៉េខាងត្បូង​ក្នុង​ការអំពាវនាវ​ឱ្យមាន​ការទាក់ទង​ការទូត​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។​

​ដោយ​បង្ហាញ​ពី​ការរួបរួម​គ្នា​នោះ រដ្ឋមន្ត្រី​ការពារជាតិ​និង​រដ្ឋមន្ត្រី​ការបរទេស​របស់​ជប៉ុន និង រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​​អាមេរិក​កាលពី​ថ្ងៃ​អង្គារ គឺ​២ សប្តាហ៍ បន្ទាប់​ពី​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​គំរាម​បាញ់​អាវុធ​ថ្មី​។​

​នៅក្នុង​ការ​ខំប្រឹងប្រែង​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​ដើម្បី​ទប់ស្កាត់​លំហូរ​សាច់ប្រាក់​របស់​កូរ៉េ​ខាងជើង​នោះ សហរដ្ឋ​អាម៉េរិក​បាន​ប្រកាសថា​ខ្លួន​កំពុង​​បង្កក​ទ្រព្យសម្បត្តិ​នៅ​អាម៉េរិក​របស់​ក្រុមហ៊ុន​ទាំង​២​នេះ និង​ចាត់​ទុក​ការធ្វើទំនាក់ទំនង​ណាមួយ​ជាមួយ​ក្រុមហ៊ុន​ទាំងនេះ​ជា​អំពើ​ឧក្រិដ្ឋ​។​

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​កំណត់​គោលដៅ​លើ​សាជីវកម្ម​ពាណិជ្ជកម្ម​Korea Namgang ដែលជា​ក្រុមហ៊ុន​កូរ៉េខាងជើង​ដែល​ខ្លួន​បាន​និយាយ​ថា​បាន​រក្សា​​កម្មករ​ជា​ច្រើន​នៅ​ប្រទេស​រុស្ស៊ី​នី​ហ្សេ​រី​យ៉ា និង​នៅ​មជ្ឈិម​បូព៌ា​។​

​ក្រសួង​នេះ​ក៏​បាន​ដាក់​ក្រុមហ៊ុន​ចិន Beijing Sukbakso ក្នុង​បញ្ជីខ្មៅ ដោយ ក្រុមហ៊ុន​នេះ​បាន​ដោះស្រាយ​កន្លែង​ស្នាក់នៅ​និង​ការផ្ញើ​ប្រាក់​សម្រាប់​កម្មករ​។​

​រដ្ឋមន្ត្រី​ក្រសួង​រតនា​គារ​អាម៉េរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ការនាំ​ចេញ​កម្មករ​កូរ៉េខាងជើង​បង្កើន​ប្រាក់ចំណូល​ខុស​ច្បាប់​សម្រាប់​រដ្ឋា​ភិ​​បាល​កូរ៉េខាងជើង ដោយ​រំលោភបំពាន​លើ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។​

​យោងតាម​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ដែល​ត្រូវបាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​កាលពី​ឆ្នាំ ២០១៧ នោះ ប្រទេស​ជាច្រើន​រហូត​ដល់​ថ្ងៃទី ២២ ខែ​ធ្នូ​ឆ្នាំ​មុន ​បាន​បញ្ជូន​កម្មក​រទាំ​អស់​ដែល​មកពី​កូរ៉េខាងជើង​ត្រឡប់​ទៅវិញ​។​

​ក្រុម​អង្គការសិទិ្ធមនុស្ស​បា​ន​ចោទប្រកាន់ថា កម្មករ​ទាំងនោះ​រស់នៅ​ក្នុងស្ថានភាព​ដូច​ទាសភាព​ដោយ​លុយ​បាន​មក​ពី​កម្លាំង​ពលកម្ម​នោះ ត្រូវបាន​បញ្ជូន​ទៅ​របប​ដែល​ខ្វះ​លុយ​នៅ​ទីក្រុង​ព្យុង​យ៉ាង​។​

​ក្រុមមន្ត្រី​អាម៉េរិក​បាន​និយាយ​កាលពី​ឆ្នាំ ២០១៧ ថា​កូរ៉េ​ខាងជើង​មាន​កម្មក​រ​នៅ​ក្រៅប្រទេស​ប្រមាណ​ជា​១០០.០០០​នាក់ ដោយ​បាន​នាំមក​នូវ​ប្រាក់​៥០០ លាន​​ដុល្លារ​ក្នុង​មួយឆ្នាំ​៕​ប្រែ​សម្រួល​៖​សុខា​

ពលករ​កូរ៉េខាងជើង​ធ្វើការ នៅ​រោងចក្រ​ស្បែកជើង​មួយ​នៅ​សួន​ឧស្សាហកម្ម​អន្តរ​កូរ៉េ​កេសុង​កាលពី​ឆ្នាំ​២០០៧