​ប៉ូលិស​វៀតណាម​ក្នុង​ខេត្ត​ដាក ណុង បាន​ចាប់ខ្លួន​មនុស្ស​៣​នាក់​ចំពោះ​ការ​លួច​ឆ្កែ​សរុប​ប្រមាណ​១​ពាន់​ក្បាល​ក្នុង​រយៈពេល​១​ឆ្នាំ​។​

​ស្ត្រី​ឈ្មោះ ត្រា​ន់ ធី ញឹត អាយុ​៤៨​ឆ្នាំ បាន​ចុះកិច្ចសន្យា​ជាមួយ​ង្វៀន វ៉ាន់ ណូ និង​ង្វៀន ឌី​ញ ថាវ ថា​គាត់​ធានា​ទិញ​ឆ្កែ​ដែល​ពួក​គេ​លួច​បាន​ក្នុង​ត​លៃ​៤០.០០០​ដុង​(១,៧​ដុល្លារ​)​ក្នុង​មួយ​គីឡូក្រាម នេះ​បើ​តាម​ប៉ូលិស​បាន​អោយដឹង​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​មករា​។​

ង្វៀន វ៉ាន់ ណូ (​ឆ្វេង​ទី២)​ត្រា​ន់ ធី ញឹត​(​កណ្តាល​) និង​ង្វៀន ឌី​ញ ថាវ នៅ​ស្ថានីយ​ប៉ូលិស​ក្នុង​ខេត្ត ដាក ណុង កាលពី​ថ្ងៃ​១២​មករា​

​ឆ្កែ​ដែល​ទិញ​បាន ត្រា​ន់ ធី ញឹត ផ្គត់ផ្គង់​ទៅ​អោយ​ភោជនីយដ្ឋាន​ក្នុង​ខេត្ត​។​

​ណូ និង ថាវ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ដែល​ពួកគេ​បាន​លួច​ឆ្កែ​៧​ក្បាល និង​លក់​ទៅអោយ ញឹត កាលពី​ថ្ងៃ​អាទិត្យ​មុន​។​ប៉ូលិស​ក៏​បាន​រឹបអូស​យក​សាច់​ឆ្កែ​៥៥​គី​ឡូ​​ក្រាម បង់​រុំ​មាត់ កាំភ្លើង​ឆក់​និង​ទោចក្រយានយន្ត​មួយ​ពី​កំពូល​ចោរលួច​ឆ្កែ​ទាំងពីរ​។​

​គេ​ថា ញឹត បាន​ទិញ​ឆ្កែ​សរុប​ប្រមាណ​១៤​តោន​ពី​បុរស​ទាំង​ពីរ​ចាប់តាំងពី​ឆ្នាំ​មុន​មក​។​បើ​គិត​ជា​មធ្យម​ឆ្កែ​មួយ​១៤​គីឡូក្រាម ឆ្កែ​ប្រមាណ​១.០០០​ក្បាល​បាន​ធ្លាក់​​ក្នុង​ដៃ​ពួកគេ​។​

​បើ​តាម​ប៉ូលិស ណូ និង ថាវ បាន​លួច​ឆ្កែ​៥​ទៅ​៧​ក្បាល​ក្នុង​មួយ​យប់​។​

​សូមញ្ជាក់​ថា វៀតណាម​ស៊ី​ឆ្កែ​ប្រមាណ​៥​លាន​ក្បាល​ក្នុង​១​ឆ្នាំ ជាប់​ចំណាត់ថ្នាក់​ទី​២​បន្ទាប់​ពី​ចិន​(២០​លាន​ក្បាល​)​។​

​នៅ​វៀតណាម ការ​លួច​ឆ្កែ​ត្រូវបាន​ចាត់ទុក​ជា​បទឧក្រិដ្ឋ​បាន​ទាល់តែ​ឆ្កែ​នោះ​មួយ​ក្បាល​មាន​តំលៃ​២​លាន​ដុង​(៨៦​ដុល្លារ​)​ឡើង ហើយ​ប្រទេស​នេះ​មិនមាន​ច្បាប់​​ប្រឆាំង​ជំនួញ​សាច់​ឆ្កែ​សាច់​ឆ្មា​ទេ​។​

​កាលពី​ឆ្នាំមុន ប៉ូលិស​ក្នុង​ខេត្ត​ថាញ់ ហ័​រ ភាគ​កណ្តាល​ក៏បាន​ចាប់ខ្លួន​មនុស្ស​១៦​នាក់​ចំពោះ​ការ​លួច​ឆ្កែ​ដល់​ទៅ​រាប់ពាន់​ក្បាល​ដើម្បី​លក់​ទៅអោយ​កន្លែង​កាប់​​សាច់​។​ជនសង្ស័យ​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៩ បាន​សារភាព​ថា​លួច​ឆ្កែ​រាប់ពាន់​ចាប់តាំងពី​ដើម​ឆ្នាំ​មក និង​ថា​សរុប​វា​មាន​វា​មាន​ទម្ងន់​ប្រមាណ​១០០​តោន​។

​មាន​ករណី​ចោរលួច​ឆ្កែ​មួយ​ទៀត​កាលពី​សប្តាហ៍​មុន​នៅ​ខេត្ត​ង៉េ​អាន​ភាគ​កណ្តាល ។​ប៉ូលិស​បាន​ព្យាយាម​ចាប់​ចោរ​លួច​ឆ្កែ​២​នាក់ តែ​ពួកគេ​បាន​ទាញ​កាំបិត​​ចាក់​ប៉ូលិស​អោយ​របួស​ដៃ​។​ឥឡូវ​ពួកគេ​ប្រឈម​ការចោទប្រកាន់​ព្រហ្មទណ្ឌ​៕​ប្រែ​សម្រួល​៖​វាសនា​