
ដោយៈបញ្ញាសាស្ត្រ/ ភ្នំពេញៈ ក្រុមអ្នកអភិរក្សមកពីសហគមន៍នេសាទ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែប ឬល្មិចចំនួន ១៣សម្បុក សរុបស្មើ ៤៤៤ពង នៅលើឆ្នេរខ្សាច់តាមបណ្តោយដងទន្លេមេគង្គក្នុងខេត្តក្រចេះ ចាប់តាំងពីដើមរដូវពងកូន ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ ២០១៩ ដល់ខែមករា ឆ្នាំ២០២០។នេះបើយោងតាមប្រភពអង្គការWCSកាលពីរសៀលថ្ងៃទី១៥ខែមករានេះ។
ប្រភពដដែលបានប្រាប់ទៀតថា កន្ធាយក្បាលកង្កែប ឬល្មិច (ឬឈ្មោះវិទ្យាសាស្ត្រហៅថា Pelochelys cantorii) ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់ IUCN ថាជាប្រភេទកំពុងទទួលរងការគំរាមកំហែងជាសកល។ កន្ធាយប្រភេទនេះ ត្រូវបានគេគិតថា បានផុតពូជហើយនៅតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែក្នុងឆ្នាំ ២០០៧ វត្តមានកន្ធាយប្រភេទនេះត្រូវបានរកឃើញសាជាថ្មីនៅក្នុងដែនទឹកនៃដងទន្លេមេគង្គប្រវែង ៤៨គីឡូម៉ែត្រ ចន្លោះពីខេត្តក្រចេះ ដល់ខេត្តស្ទឹងត្រែង ដោយអង្គការអភិរក្សអន្តរជាតិ និងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ប្រភពដដែលបន្ថែមថា កម្មវិធីការពារសម្បុកអណ្តើក ត្រូវបានអនុវត្តដោយអង្គការ WCS សហការជាមួយសហគមន៍នេសាទនានាស្ថិតនៅក្នុងស្រុកសម្បូណ៌ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងរដ្ឋបាលជលផល ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ម៉ាហ្គារេត ខាហ្គីល (Margaret A. Cargill Philanthropies), ឧទ្យានសត្វព្រៃសិង្ហបុរី (Wildlife Reserves Singapore), និង Turtle Survival Alliance៕srn/Ha


