ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ តុលាការបានបើកសវនាការកាត់ទោសលោក កឹម សុខា អតីតមេដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លើសំណុំរឿងឃុបឃិត ជាមួយបរទេស ផ្តួលរំលំរាជរដ្ឋាភិបាល។ លោកកឹម សុខា អមដោយមេធាវី បានចូលខ្លួននៅក្នុងសវនាការដើម្បីតតាំងក្តី។ មេធាវី រដ្ឋាភិបាល ក៏បានចូលដើម្បីការពារបណ្តឹងរបស់ខ្លួនផងដែរ។
សមាសភាពក្រុមប្រឹក្សាជំនុំជម្រះ មានដូចជា លោកកូយ សៅ ជាប្រធាន ក្រុមប្រឹក្សា លោកសេង លាង ចៅក្រមប្រឹក្សា លោកធានច័ន្ទពិសិដ្ឋ ជាចៅក្រម ប្រឹក្សា និងលោកជ័យ វាសនា ជាក្រឡាបញ្ជីសវនាការ។
សវនាការនេះ មានការចូលរួមសង្កេតការណ៍ ពីមន្ត្រីស្ថានទូតមួយចំនួន អង្គការជាតិ និងអន្តរជាតិ អ្នកកាសែតជាច្រើនស្ថាប័នផងដែរ។នៅក្រៅ តុលាការមានសកម្មជន និងអតីតសមាជិកនៃអតីតគណបក្សសង្គ្រោះជាតិ ដើម្បីលើកទឹកចិត្ត និងស្តាប់លទ្ធផលសវនាការ។
លោក គី តិច មេធាវីរដ្ឋាភិបាល បានថ្លែងប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីចប់សវនាការថា សវនាការបានដំណើរការ និងដំណើរការនីតិវិធី មិនមានអ្វីត្រូវ បានរាំងស្ទះទេ។ សវនាការនាថ្ងៃទី១ នេះ (១៥ មករា) មានចំណុចសំខាន់មួយ គឺការដាក់ពាក្យស្នើសុំប្រើពាក្យតំណាងចំពោះរដ្ឋ នៃបរទេសមួយចំនួន និងអង្គការមួយចំនួន និងបុគ្គលជាបរទេស ដែលពាក់ព័ន្ធមួយចំនួន ហើយនៅរសៀលថ្ងៃទី១៥ ខែមករា ក្រុមប្រឹក្សាជំនុំជម្រះ បានដាក់ករណីនេះពិភាក្សា ក្រោយពីពិភាក្សា គឺមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ក៏ដូចជាមេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ចំណុចសំខាន់នោះ គឺការដែលស្នើសុំឲ្យប្រើពាក្យតំណាង តាងដោយពាក្យ គឺចៀសវាងការប៉ះពាល់ដល់ទំនាក់ទំនងល្អ រវាងប្រទេសកម្ពុជាជាមួយបណ្តាប្រទេសដែលពាក់ព័ន្ធ នៅក្នុងសំណុំរឿង ជនជាប់ចោទ កឹម សុខា។ យើងបានស្នើឲ្យអង្គសវនាការទាំងមូល គិតអំពីផលប្រយោជន៍ជាតិ គឺការទំនាក់ទំនងរវាងប្រទេសនិងប្រទេស គឺដើម្បីផលប្រយោជន៍ជាតិ។ យើងស្នើសុំឲ្យក្រុមប្រឹក្សាជំនុំជម្រះ និងភាគីពាក់ព័ន្ធទាំងអស់ ទទួលយកសំណើរបស់មេធាវី តំណាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីរដ្ឋាភិបាល។ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលយកពាក្យស្នើសុំ គឺយល់ព្រមឲ្យប្រើពាក្យតំណាងនៅក្នុងសាលក្រម។
លោកបានបន្តថា សវនាការ ទើបតែដល់ដំណើរការមេធាវីដើមបណ្តឹងរដ្ឋប្បវេណី សាកសួរជាមួយជនជាប់ចោទ កឹម សុខា ហើយសវនាការនឹងបន្តសួរដេញដោល នៅថ្ងៃទី១៦ ខែមករា បន្តទៀត។
ចំណែកលោក ចាន់ ចេន មេធាវីការពារលោក កឹម សុខា បានថ្លែងប្រាប់អ្នកកាសែតថា លោកកឹម សុខា បានលើកឡើងទាក់ទងក្រមព្រហ្មទណ្ឌ និងបានសួរទៅក្រុមប្រឹក្សាជំនុំជម្រះ ហេតុអ្វីច្បាប់ទើបតែមាននៅឆ្នាំ២០១០ ហើយយកអង្គហេតុគាត់តាំងពីឆ្នាំ១៩៩៣ មកទល់ឥឡូវ មកធ្វើការចោទប្រកាន់។ ករណីតតាំងក្តីនេះ មិនមែនជាការធូរទេ ពីព្រោះបទល្មើសនេះ ជាបទល្មើសមួយដែលធំ មិនមែនសាមញ្ញទេ ដូច្នេះអ្វីដែលសួរដេញដោល គឺលោក កឹម សុខា បានឆ្លើយថា គាត់មិនបានប្រព្រឹត្តដូចជាការចោទប្រកាន់ទេ ប្រហែលជាមានការយល់ច្រឡំ។
សូមជម្រាបថា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការស៊ើបសួរ លើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស សញ្ជាតិខ្មែរ កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យ បានបញ្ជាក់ថា ក្រោយពីបានស្រាវជ្រាវ និងស៊ើបសួរចប់សព្វគ្រប់ ចៅក្រមស៊ើបសួរ ពិនិត្យឃើញថា មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ លើជនត្រូវចោទឈ្មោះ កឹម សុខា ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ហើយចៅក្រមស៊ើបសួរ បានសម្រេចបិទបញ្ចប់ការស៊ើបសួរនេះ ដោយបញ្ជូនជនត្រូវចោទឈ្មោះ កឹម សុខា ទៅតុលាការជំនុំជម្រះ តាមដីកាបញ្ជូនទៅជំនុំជម្រះលេខ ៦៤០០ «គ» ដ.ដ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។
លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញលិខិតជូនដំណឹង ស្តីពីការបិទការស៊ើបសួរលើសំណុំរឿងលោក កឹម សុខា ដែលដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបិទការស៊ើបសួរ ចាប់ពីពេលនេះតទៅ។
ការសម្រេចបិទការស៊ើបសួរសំណុំរឿង លោកកឹម សុខា គឺបន្ទាប់ពីដំណើរការនីតិវិធី អស់រយៈពេលជាង ពីរឆ្នាំ។ នៅក្នុងសំណុំរឿងនេះ លោកកឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើង បន្ទាប់ពីវីដេអូឃ្លីបមួយ ដែលលោក កឹមសុខា បាននិយាយសារភាព កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្ត្រាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់សហរដ្ឋអាម៉េរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការបានសម្រេចដាក់លោក កឹម សុខា ស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការដដែលតែបានកែប្រែលក្ខខណ្ឌមួយចំនួនដែលក្នុងនោះរួមមានលក្ខខណ្ឌនៃការធ្វើដំណើររបស់លោកផងដែរ ពោលគឺលោកអាចធ្វើដំណើរបានគ្រប់ទីកន្លែងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការសម្រេចនេះ ដោយផ្អែកលើស្ថានភាពសុខភាព និងកិច្ចសហការល្អរបស់លោក កឹមសុខា ជាមួយសមត្ថកិច្ច នាពេលកន្លងមក។ ប៉ុន្តែលោក ត្រូវហាមឃាត់មិនឱ្យចេញទៅបរទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅ ពីគ្រប់សមត្ថកិច្ច៕សរន/Ha