ប្រធានាធិបតី ហាសសាន់ រ៉ូហានី កាលពីថ្ងៃពុធទី១៥មករាបានអំពាវនាវអោយមានឯកភាពចំពេលមានរលកការតវ៉ាប្រឆាំងដោយសារការបាញ់ទម្លាក់យន្តហោះស៊ីវិលអ៊ុយក្រែនមួយ។
យន្តហោះBoeing 737 ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុងកៀវ ត្រូវបានបាញ់ទម្លាក់កាលពីសប្តាហ៍មុនដោយសារកំហុសយោធា នៅពេលតែប៉ុន្មានម៉ោងក្រោយពីអ៊ីរ៉ង់បាញ់កាំជ្រួចសងសឹកលើមូលដ្ឋានអាម៉េរិកនៅអ៊ីរ៉ាក់។ឧបទ្ទវហេតុនេះ បានសម្លាប់មនុស្សទាំង១៧៦នាក់នៅក្នុងយន្តហោះ។
មុនទទួលស្គាល់ថាជាការបាញ់ទម្លាក់ដោយអចេតនា អ៊ីរ៉ង់បានបដិសេធការអះអាងរបស់ចារកម្មអាម៉េរិកអស់ពេលប៉ុន្មានថ្ងៃដែលថាយន្តហោះនេះបានធ្លាក់ដោយសារត្រូវកាំជ្រួចមួយ ជាហេតុបង្កអោយមានបាតុកម្ម៤ថ្ងៃមកនេះព្រមទាំងការអំពាវនាវជាអន្តរជាតិអោយមានការស៊ើបអង្កេតពេញលេញនិងដោយតម្លាភាព។
តែនៅមួយសប្តាហ៍ក្រោយការធ្លាក់យន្តហោះ លោករ៉ូហានីបានចេញមកអំពាវនាវអោយមាន«ឯកភាពជាតិ»នៅក្នុងការថ្លែងតាមទូរទស្សន៍រដ្ឋ។លោកបាននិយាយថា«បើសិនជាមានការពន្យារពេលបញ្ចេញព័ត៌មានអំពីគ្រោះថ្នាក់អាកាសចរណ៍នេះដោយកងកម្លាំងប្រដាប់អាវុធ អោយគេសុំទោសទៅ»។
លោករ៉ូហានី ក៏បានអំពាវនាវអោយមានការពន្យល់បកស្រាយពេញលេញមួយនៃអ្វីបានកើតឡើងនៅក្នុងគ្រោះមហន្តរាយអាកាសចរណ៍ ដែលបានកើតឡើងតែប៉ុន្មានម៉ោងក្រោយអ៊ីរ៉ង់បាញ់កាំជ្រួចដាក់ទាហានអាម៉េរិកនៅអ៊ីរ៉ាក់។
ក្នុងការថ្លែងនេះដែរ ប្រធានាធិបតីអ៊ីរ៉ង់ បានព្រមានថាទាហានអឺរ៉ុបនៅមជ្ឈិមបូព៌ា អាចស្ថិតក្នុងគ្រោះថ្នាក់ ក្រោយពីប្រទេសអឺរ៉ុបបីចោទប្រកាន់រដ្ឋាភិបាលក្រុងតេអេរ៉ង់(អ៊ីរ៉ង់)ថារំលោភលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយគ្លេអ៊ែរ។លោកបាននិយាយដូច្នេះថា «ថ្ងៃនេះ ទាហានអាម៉េរិកមិនមានសុវត្ថិភាព ថ្ងៃស្អែកវាអាចដល់វេនទាហានអឺរ៉ុប»។
សូមបញ្ជាក់ថា អង់គ្លេស បារាំងនិងអាឡឺម៉ង់ បានបង្កើតយន្តការជម្លោះទាក់ទងនឹងកិច្ចព្រមព្រៀងនុយគ្លេអ៊ែរឆ្នាំ២០១៥របស់អ៊ីរ៉ង់ជាមួយមហាអំណាចពិភពលោក។
លោករ៉ូហានីក៏បានបន្ទោសអាម៉េរិកនិងសម្ពន្ធមិត្តថាបង្ក«អសន្តិសុខ»នៅពាសពេញមជ្ឈិមបូព៌ា។លោកបាននិយាយថា កំហុសរបស់គេរួមមានការសម្លាប់សូឡេម៉ានី អន្តរាគមន៍នៅអ៊ីរ៉ាក់ យែម៉ែននិងលីប៊ី ព្រមទាំងការសំរេចចិត្តរបស់អាម៉េរិកដើម្បីចាកចេញពីកិច្ចព្រមព្រៀងនុយគ្លេអ៊ែរ ហើយដាក់ទណ្ឌកម្មលើប្រេងអ៊ីរ៉ង់៕ដោយ៖វាសនា
លោករ៉ូហានីបានអំពាវនាវអោយមាន«ឯកភាពជាតិ» ក្រោយពីផ្ទុះការតវ៉ាដោយកំហឹងនៅអ៊ីរ៉ង់ចំពោះការបាញ់ទម្លាក់យន្តហោះអ៊ុយក្រែន