ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោក កឹម សុខា អមដោយក្រុមមេធាវី បានចូលរួមក្នុងសវនាការ ជំនុំជម្រះក្តី នៅតុលាការ សាលាដំបូងរាជធានីភ្នំពេញ។ លោក កឹម សុខា មិនបានថ្លែងអ្វីទៅកាន់ក្រុមអ្នកកាសែតទេ តែនៅព្រឹកថ្ងៃទី១៥មករា លោកបានបង្ហោះគោលជំហររបស់លោក តាមហ្វេសប៊ុក ដោយបដិសេធនូវការចោទប្រកាន់ ។
ក៏ប៉ុន្តែមេធាវីរាជរដ្ឋាភិបាល លោកមេធាវី គី តិច អះអាងថា មានភស្តុតាងគ្រប់គ្រាន់ ពិសេសឃ្លីបវីដេអូ ត្រូវបានបង្ហាញក្នុងសវនាការ ដោយលោកកឹមសុខា ទទួលស្គាល់ ហើយក៏មានប្រទេសចំនួនប្រាំបួន និងជនបរទេសមួយចំនួនទៀតជាប់ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិរបស់ លោក កឹម សុខា។
ក្នុងពេលបើកសវនាការ សន្តិសុខត្រូវបានរឹតបន្តឹងនៅបរិវេណតុលាការ សាលាដំបូង រាជធានីភ្នំពេញ។ លោក កឹម សុខា អមដោយក្រុមមេធាវី បានចូលរួមសវនាការដោយមានការការពារសន្តិសុខ ដោយកម្លាំងនាយកដ្ឋានអង្គរក្សផង។ តែមិនមានក្រុមអ្នកប្រមូលផ្តុំតវ៉ា នៅមុខតុលាការទេ។
តុលាការបានអនុញ្ញាតឲ្យតំណាងស្ថានទូត និងអង្គការអន្តរជាតិនៅកម្ពុជាមួយចំនួនបានចូលរួមស្ដាប់ និងតាមដានដោយផ្ទាល់ក្នុងសាលសវនាការជំនុំជម្រះក្តី។ រីឯក្រុមអ្នកគាំទ្រអ្នកតាមដាន និងក្រុមអ្នកសារព័ត៌មានមិនអនុញ្ញាតឲ្យចូលរួមតាមដានដោយផ្ទាល់ទេដោយសារតែបន្ទប់សវនាការតូចចង្អៀត។
ក្នុងអំឡុងពេលសវនាលោក កឹម សុខា បានបង្ហោះសារលើហ្វេសប៊ុករបស់លោកថា លោកមិនបាននាំរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមួយមកប្រទូសរ៉ាយឬឈា្លនពានប្រទេសកម្ពុជាឡើយ។ លោកកឹមសុខា ក៏បានបដិសេធថាលោកមិនបានប្រព្រឹត្តនូវអំពើទាំងឡាយណា ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិដែរ។
ក៏ប៉ុន្តែមេធាវីរាជរដ្ឋាភិបាលលោកមេធាវី គី តិច បានផ្ដល់បទសម្ភាសដល់ក្រុមអ្នក កាសែត បន្ទាប់ពីបញ្ចប់សវនាការមួយព្រឹកកាលពីថ្ងៃទី១៥មករាថា ក្នុងសវនាការ លោក កឹម សុខា បានទទួលស្គាល់ថា វីដេអូ ដែលនិយាយអំពីដំណើររឿងបរទេស បានបណ្ដុះបណ្ដាល និងបង្រៀនលោក អំពីរបៀបនៃការផ្លាស់ប្ដូររបប គឺជាវីដេអូរបស់លោកយ៉ាងពិតប្រាកដ។
លោកមេធាវី គី តិច បានបន្ថែមថា «ក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចចាក់ភ័ស្ដុតាងដែលជាវីដេអូខ្លីបសំខាន់ ដែលមានប្រសាសន៍របស់លោក កឹម សុខា ពេលនោះ លោក កឹម សុខា បានឆ្លើយនៅចំពោះមុខក្រុមប្រឹក្សានៅក្នុងសវនាការ គឺលោកទទួលស្គាល់សំឡេង និងរូប របស់លោក នៅក្នុងឃ្លីបវីដេអូ ដែលក្រុមប្រឹក្សាជំនុំជម្រះបានចាក់ជូនអង្គសវនាការមើល គឺពិតជាសំឡេង និងរូបរបស់គាត់ពិតប្រាកដមែន»។
លោកមេធាវី គី តិច បានបញ្ជាក់ថា វីដេអូនេះ ជាភស្ដុតាងសំខាន់ ក្នុងសំណុំរឿង«សន្ទិដ្ឋិភាពជាមួយបរទេស» ដែលមានជនជាប់ចោទ គឺលោក កឹម សុខា។ ក្នុងសំណុំរឿងនេះក៏មាន ប្រទេសដល់ទៅប្រាំបួន មានទាំងប្រទេស នៅតំបន់អាស៊ាន តំបន់អាស៊ី និងប្រទេសលោកខាងលិចមួយចំនួន ជាប់ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា។
យ៉ាងណាក៏ដោយ នៅពេលនេះ ចៅក្រម បានកំណត់ពេលពីរថ្ងៃ ដើម្បីបើកសវនាការជំនុំ ជម្រះសំណុំរឿងក្បត់ជាតិ របស់លោកកឹមសុខា គឺនៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមករានេះ ដោយសវនាការធ្វើឡើងទាំងព្រឹក និងទាំងល្ងាច ពេញៗមួយថ្ងៃៗ។
ប៉ុន្តែសវនាការលើសំណុំរឿងលោក កឹម សុខា អាចនឹងប្រើពេលដល់ទៅបីខែដោយសារករណីនេះ ជាសំណុំរឿងធំ។
យ៉ាងណាក៏ដោយ លោក កឹម សុខា នៅលើហ្វេសប៊ុក ក៏បានប្រកាសទាមទារ ឲ្យតុលាការ ទម្លាក់ចោលបទចោទប្រកាន់លើរូបលោក ដើម្បីឲ្យលោក មានសិទ្ធិចូលរួមធ្វើនយោបាយឡើងវិញ។ ការចូលរួមធ្វើនយោបាយ ត្រូវបានលោក កឹម សុខា អះអាងថា ដើម្បីលោកបាន ចូលរួមបម្រើជាតិ និងផលប្រយោជន៍ប្រជាជនកម្ពុជា។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់ថ្ងៃទី២ ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «សន្ទិដ្ឋិភាពជាមួយបរទេស» ឬបទក្បត់ជាតិ ដោយលោកត្រូវបានចោទប្រកាន់ថា បានឃុបឃិតជាមួយបរទេសក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រោយការចាប់ខ្លួន លោក កឹម សុខា ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។ រហូតដល់យប់ថ្ងៃទី៩ ឆ្លងចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ទើបតុលាការ ដាក់ឲ្យលោក កឹម សុខា ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ តុលាការ ដោយផ្ទេរការឃុំខ្លួន ពីពន្ធនាគារ មកនៅក្នុងផ្ទះរបស់លោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការសាលាដំបូង រាជធានីភ្នំពេញ បានបន្ធូរបន្ថយលក្ខខណ្ឌនៃការឃុំខ្លួនលោកកឹមសុខា ដោយអនុញ្ញាតឲ្យលោក អាចធ្វើដំណើរទៅគ្រប់ទិសទី នៅក្នុងទឹកដីកម្ពុជា ព្រមទាំងអាចជួបទូតបរទេស តែលោក កឹម សុខា នៅបន្តជាប់បម្រាម មិនអាចធ្វើនយោបាយបាននោះទេ។
មាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ បានចែងថា «បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវ រ៉ូវគ្នា ដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទសន្ទិដ្ឋិភាពជាមួយបរទេស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ ទៅ ៣០ឆ្នាំ»។
យ៉ាងណាក៏ដោយ សវនាការនៅពេលនេះ គឺដើម្បីសម្រេចថា លោក កឹម សុខាពិតជាមានទោស ដូចការចោទប្រកាន់មែន ឬយ៉ាងណា? ប៉ុន្តែសវនាការ នឹងអាចបន្តជាច្រើនថ្ងៃ ទៅតាមទំហំសំណុំរឿង និងការពាក់ព័ន្ធ ព្រោះថា គ្រាន់តែបើកការស៊ើបសួរចៅក្រមបាន ចំណាយពេលដល់ទៅជាងពីរឆ្នាំ៕ ដោយៈម៉េងឆៃ/Ha