សហរដ្ឋអាម៉េរិកនិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយកាលពីថ្ងៃពុធទី១៥មករាដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។

សូមក្រឡេកមើលចំណុចលេចធ្លោនៃកិច្ចព្រមព្រៀងដែលមានកម្រាស់ ៨៦ ទំព័រ។

ការនាំចេញរបស់សហរដ្ឋអាម៉េរិក ៖ ចិនបានយល់ព្រមបង្កើនការទិញសេវាកម្មរបស់សហរដ្ឋអាម៉េរិកនិងសេវាកម្មទំនិញផលិតកម្មថាមពលនិងផលិតផលកសិកម្ម ២០០ ពាន់លានដុល្លារនៅឆ្នាំនេះនិងឆ្នាំក្រោយ។ កិច្ចព្រមព្រៀងនេះមានន័យថាចិនត្រូវគេរំពឹងថានឹងទិញកសិផលនាំចេញរបស់សហរដ្ឋអាម៉េរិក ៤០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ វាជាគោលដៅប្រកបដោយមហិច្ឆតា។ ចិនមិនដែលទិញផលិតផលកសិកម្មជាង ២៦ ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំនោះទេ។

ពន្ធគយ ៖ សហរដ្ឋអាម៉េរិកបានទម្លាក់ចោលផែនការបង្កើនពន្ធគយលើការនាំចូលរបស់ចិនដែលមានតម្លៃ ១៦០ ពាន់លានដុល្លារបន្ថែមទៀត។ ចំណាត់ការ ដែលបានគ្រោងធ្វើកាលពីថ្ងៃទី ១៥ ខែធ្នូមួយនេះ អាចនឹងបង្កើនពន្ធលើគ្រប់អ្វីៗទាំងអស់ដែលចិនដឹកទៅលក់នៅសហរដ្ឋអាម៉េរិក។ សហរដ្ឋអាម៉េរិកក៏បានកាត់បន្ថយពន្ធពាក់កណ្តាលផងដែរគឺមកនៅត្រឹម ៧,៥ភាគរយលើទំនិញចិនតម្លៃ ១១០ ពាន់លានដុល្លារ។ ទោះយ៉ាងណា សហរដ្ឋអាម៉េរិកនៅតែរក្សាពន្ធលើការនាំចូលរបស់ចិនតម្លៃ ៣៦០ ពាន់លានដុល្លារ ពោលគឺ ជិត ២ ភាគ ៣ នៃការនាំចូលសរុបពីចិន។ វាជាតួលេខមួយដែលមិនអាចនឹកស្មានដល់បានទេមុនពេលដែលប្រធានាធិបតីដូណាល់ត្រាំចូលកាន់តំណែងនិងបានចាត់វិធានការកាន់តែខ្លាំងក្លាទៅលើចិននិងពាណិជ្ជកម្ម។ គេមិនទាន់ច្បាស់ទេថាតើចិននឹងធ្វើអ្វីជាមួយនឹងពន្ធសងសឹកដែលខ្លួនបានដាក់លើផលិតផលរបស់អាម៉េរិក។

ការផ្ទេរបច្ចេកវិជ្ជា ៖ ចិនបានសន្យាថានឹងបញ្ឈប់ការបង្ខំក្រុមហ៊ុនអាម៉េរិកនិងក្រុមហ៊ុនបរទេសផ្សេងទៀតឱ្យប្រគល់បច្ចេកវិជ្ជាសម្រាប់ជាតម្លៃកុំមុយស្យុងចូលទីផ្សារចិន។ រាល់ការផ្ទេរបច្ចេកវិជ្ជាត្រូវតែធ្វើឡើងសម្រាប់ហេតុផលអាជីវកម្មនិងមិនមែនត្រូវបង្ខិតបង្ខំនោះឡើយ។ ទោះយ៉ាងណា ចិនធ្លាប់បានស្បថឈប់បង្ខំឱ្យផ្ទេរបច្ចេកវិជ្ជាកាលពីមុនរួចមកហើយ។

កម្មសិទ្ធិបញ្ញា ៖ កិច្ចព្រមព្រៀងនេះធ្វើឱ្យមានភាពងាយស្រួលក្នុងការនាំយករឿងក្តីព្រហ្មទណ្ឌនៅក្នុងប្រទេសចិនប្រឆាំងនឹងអ្នកដែលត្រូវបានចោទប្រកាន់ពីបទលួចអាថ៌កំបាំងពាណិជ្ជកម្ម។ វារួមបញ្ចូលទាំងលក្ខខណ្ឌជាច្រើនដែលត្រូវបានបង្កើតឡើងដើម្បីបញ្ឈប់មន្រ្តីរដ្ឋាភិបាលចិនពីការប្រើប្រាស់នីតិវិធីរដ្ឋបាលនិងបទប្បញ្ញត្តិនានាដើម្បីលួចអាថ៌កំបាំងពាណិជ្ជកម្មរបស់ក្រុមហ៊ុនបរទេសនិងអនុញ្ញាតឱ្យព័ត៌មាននោះចូលទៅក្នុងដៃគូប្រកួតប្រជែងចិន។

កិច្ចព្រមព្រៀងនេះក៏តម្រូវឱ្យចិនបង្កើតនីតិវិធីដើម្បី “អនុញ្ញាតឱ្យចាត់វិធានការរហ័សនិងមានប្រសិទ្ធិភាព” ដើម្បីបិទវេបសាយណាដែលលក់ទំនិញលួចចម្លងផងដែរ។ ចិនក៏ត្រូវតែធ្វើឱ្យអាចទៅរួចផងដែរសម្រាប់វេបសាយពាណិជ្ជកម្មអេឡិចត្រូនិចបាត់បង់អាជ្ញាប័ណ្ណរបស់ខ្លួនសម្រាប់ការខកខានម្តងហើយម្តងទៀតក្នុងការទប់ស្កាត់ការលក់ផលិតផលក្លែងក្លាយឬលួចចម្លង៕ ដោយ៖ កញ្ញាដាលីស

លោកត្រាំនិងឧបនាយករដ្ឋមន្ត្រីចិន លីវ ហឺ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅសេតវិមានកាលពីថ្ងៃពុធ