ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃពុធទី១៥មករា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយចិន ដែលត្រូវរំពឹងថានឹងជំរុញការនាំចេញពីអាម៉េរិក និងបន្ថយភាពតានតឹងនៃជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។
ឧបនាយករដ្ឋមន្រ្តីចិន លីវ ហឹ និងប្រធានាធិបតីអាម៉េរិក បង្ហាញកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានចុះហត្ថលេខា
ក្នុងពិធីចុះហត្ថលេខានៅសេតវិមាន ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងនេះ«កែកំហុសពីអតីតកាល»។លោកបានជំរុញឲ្យមានការចរចារហូតបង្កើតបានកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយនេះ ដើម្បីធ្វើជាផ្លូវនាំយុត្តិធម៌សេដ្ឋកិច្ចសម្រាប់កម្មករអាម៉េរិក និងបាននិយាយថា «យើងកត់សម្គាល់ឃើញការផ្លាស់ប្តូរធំធេងនៅក្នុងពាណិជ្ជកម្មអន្តរជាតិ»ជាមួយនឹងការចុះហត្ថលេខានេះ។
កិច្ចព្រមព្រៀងនេះត្រូវបានពណ៌នាថាជា«កិច្ចព្រមព្រៀងដំណាក់កាលទី១»ពីការចរចាដ៏យូរមួយដោយផ្តោតលើភាពតានតឹងផ្សេងៗនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មអាម៉េរិក-ចិន។
នៅក្នុងលិខិតមួយផ្ញើជូនលោកត្រាំ អានដោយឧបនាយករដ្ឋមន្ត្រី លីវ ហឹ ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានមានប្រសាសន៍ថា«ដំណាក់កាលទី១ល្អសម្រាប់ចិន អាម៉េរិកនិងពិភពលោកទាំងមូល»។
តែកិច្ចព្រមព្រៀងនេះមិនបានធ្វើឲ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចធំៗទេ ដូចជាការឧបត្ថម្ភរបស់រដ្ឋចិនលើក្រុមហ៊ុនរបស់ខ្លួន ដែលរដ្ឋការរបស់ត្រាំបានតវ៉ាចាប់តាំងពីសង្គ្រាមពាណិជ្ជកម្មបានចាប់ផ្តើម។ទោះជាយ៉ាងណា ក្នុងពិធីលោកត្រាំបានមានឱកាសនិយាយអួតអំពីការរីកចម្រើនលើអាទិភាពសេដ្ឋកិច្ចរបស់លោកចំថ្ងៃដែលសភាអាម៉េរិកត្រៀមបញ្ជូនសំណុំរឿងចោទទោសទម្លាក់តំណែងរបស់លោកទៅឲ្យព្រឹទ្ធសភាបើកសវនាការ។
កិច្ចព្រមព្រៀងនេះមានបំណងសម្រាលទណ្ឌកម្មសេដ្ឋកិច្ចអាម៉េរិកលើចិន ខណៈពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងនឹងបង្កើនការទិញកសិផលអាម៉េរិកនិងទំនិញផ្សេងៗ។លោកត្រាំបាននិយាយដល់សាច់គោ សាច់ជ្រូក មាន់ទា អាហារសមុទ្រ អង្ករនិងផលិតផលទឹកដោះគោ ជាឧទាហរណ៍។វានឹងបន្ថយភាពតានតឹងនៅក្នុងជម្លោះពាណិជ្ជកម្មមួយដែលបានទាញទម្លាក់កំណើនពិភពលោក ប៉ះពាល់ឧស្សាហករអាម៉េរិក និងដាក់សម្ពាធលើសេដ្ឋកិច្ចចិន។
បើតាមលោកត្រាំ ការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មមានសារសំខាន់ណាស់ដោយលោកបាននិយាយថា«ការដែលទុកឲ្យមហាអំណាចទាំងពីរនេះសុខស្រួលជាមួយគ្នា វាមានសារសំខាន់ណាស់ចំពោះពិភពលោក។ពិភពលោកកំពុងសម្លឹងមើលពិធីនេះនៅថ្ងៃនេះ»។
កិច្ចព្រមព្រៀងនេះមិនបានធ្វើឲ្យមានការផ្លាស់ប្តូរធំៗជាច្រើនដែលអាម៉េរិកបានទាមទារឲ្យចិនធ្វើ តែអាម៉េរិកនៅរក្សាទុកការយកពន្ធខ្ពស់លើទំនិញចិនតម្លៃ៣៦០ពាន់លានដុល្លារ ជាកម្លាំងតថ្លៃដ៏សំខាន់មួយដើម្បីឲ្យចិនធ្វើសម្បទាននាពេលអនាគត។
តំណាងពាណិជ្ជកម្មអាម៉េរិក លោក រ៉ូប៊ឺត ឡាយធីហ្ស៊ឺ បាននិយាយថា ការងារចរចាបង្កើតកិច្ចព្រមព្រៀងបន្ទាប់វាអាស្រ័យលើការបំពេញការសន្យារបស់ចិននៅក្នុងកិច្ចព្រមព្រៀងដំបូងនេះ៕ប្រែសម្រួល៖វាសនា/Ha