ដោយៈ វចនានុក្រមខ្មែរសម្តេចសង្ឃរាជ ជួន ណាត
លំនៅ ( ន. ) ទីឬកន្លែងដែលនៅឬសម្រាប់នៅ : ផ្ទះជាលំនៅរបស់មនុស្ស, ព្រៃជាលំនៅ របស់សត្វ (គួរកុំប្រើថា ទីលំនៅ ព្រោះ លំនៅ ជានាមសព្ទប្រាប់សេចក្ដីថា ទី-សម្រាប់នៅ ស្រេចទៅហើយ បើថែមពាក្យ ទីមកទៀតនាំឲ្យផ្ទួន ឲ្យធ្ងន់, បើត្រូវការប្រើពាក្យ ទី ត្រូវថា ទីនៅ ឬ ទីជាលំនៅ ក៏គឺ លំនៅ ហ្នឹងឯង) ។
លស់ ( កិ. ) ធ្វើឲ្យរលស់ គឺបន្ថយចំនួន ឬធ្វើឲ្យតិចចុះ មិនឲ្យនៅតាមចំនួនដើម : ក្នុងចំនួន ១០ លស់៣ចេញ នៅសល់៧ ។ រំលង : គ្រុនលស់ គ្រុនរំលងថ្ងៃ គឺគ្រុនមួយថ្ងៃខានមួយថ្ងៃ ។ លស់ចោល រំលងចោលខ្លះ ។ ដើរលស់ជំហាន ដើររំលងលំដាប់ជំហាន គឺឈានវែងខ្លះខ្លីខ្លះ ចម្រុះគ្នា ។ល។
លៀង ស. ល. ( កិ. ) ចិញ្ចឹម, ចិញ្ចឹមរក្សា : លៀងជីវិត, លៀងសត្វ ។ រៀបឬចំណាយប្រាក់ ចាត់ចែងភោជនាហារ ឲ្យភ្ញៀវបរិភោគ : លៀងភ្ញៀវ, ស៊ីលៀង ។ លៀងលោមរៀបពិធីបូជា លោមអង្វរអារក្ស ។ លៀងអារក្ស រៀបពិធីមានបាយចំណីព្រមទាំងឲ្យលេងភ្លេងផង បូជាអារក្ស ។ ព. ប្រ. លបឲ្យសំណូក, សូកប៉ាន់ (ម. ព. សែន ២ កិ. ផង) ។
លាង ( កិ. ) ជម្រះ, សម្អាត ដោយវត្ថុរាវមានទឹកជាដើម : លាងដៃ, លាងចាន, យកប្រេង កាតលាងដៃឲ្យជ្រះម្រ័ក្សណ៍ ។ លាងមុខ ជម្រះមុខ, លុបមុខ ។ ព. ប្រ. លាងចិត្ត ជម្រះចិត្ត, សម្អាតចិត្ត ឲ្យបរិសុទ្ធ ។ លាងបាប ជម្រះឲ្យអស់បាប (តាមលទ្ធិព្រាហ្មណ៍ជាដើម) ។ លាងពៀរ ជម្រះពៀរ គឺលែងចងពៀរតទៅទៀត ។ល។
អភិក្រម (–ក្រំ) ការឈានចូល, ការចូលជិត; ការរុករានចូល, ការបុករុកចូល, ដំណើររឹតឡើងៗ : ជំងឺអភិក្រម ជំងឺរឹត, ឈឺខ្លាំង, ឈឺធ្ងន់ ។ អភិក្រោធ ក្រោធខ្លាំង (វេវ. អភិរោធ) ។ អភិខ្យា ឈ្មោះ; ការឲ្យឈ្មោះ ។ អភិគម ឬ –គមន៍ (–គំ) ការប្រសព្វចូល; ការប្រសព្វមុខគ្នា; ការចួបគ្នា; ការរួបរួមគ្នា; ការភប់ប្រសព្វ : ទន្លេអភិគម ទន្លេប្រសព្វមុខ ។
អភិ អៈភិ សំ. បា. ( និ. ) និបាតសព្ទឬឧបសគ្គសព្ទសម្រាប់ប្រើជាបុព្វបទ រៀងភ្ជាប់ពីខាង ដើមសព្ទដទៃ មានសេចក្ដីថា “ក្រៃ, ក្រៃលែង, ក្រៃពេក, ពេកក្រៃ; ណាស់; លើសលែង; ឆ្ពោះ, ចំពោះ, ឆ្ពោះត្រង់; សង្កត់; គ្របពីលើ;…”; ឬកាលបើរៀងភ្ជាប់ជាមួយនឹងសព្ទណាអាចបង្វែរ សព្ទនោះឲ្យងាកសេចក្ដីប្លែកពីប្រក្រតីដើមក៏មាន ដូចជា ភូ “កើត; មាន”, អភិ-ភូ “គ្របសង្កត់” ជាដើម ។
អភិជន (–ជន់) មនុស្សខ្ពង់ខ្ពស់; ជាតិ; វង្ស, ត្រកូល; ជាតិភូមិ ។ អភិជ័យ ជម្នះយ៉ាងសម្បើម ។ អភិជាត មានត្រកូល, មានពូជ; មានប្រាជ្ញា, ឈ្លាសវៃ (បើស្ត្រីជា អភិជាតា) ៕ ដកស្រង់ៈ សម្បត្តិកញ្ញា