ដោយ៖ឆាយានាថ / ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករានេះ តុលាការបានបន្តសវនាការសំណុំរឿង លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ឈានចូលថ្ងៃទី២ ហើយ។ ទន្ទឹមនេះ កងកម្លាំងចម្រុះក៏បានដាក់ពង្រាយជាធម្មតា ដូចសវនាការថ្ងៃទី១ ផងដែរ។
បាតុភាពទូទៅថ្ងៃទី១ នៃសវនាការរឿងក្តីនេះ ឃើញថា មិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ ពោលគឺដំណើរការនីតិវិធី ដើរដោយរលូន គ្មានការរារាំង ឬ រាំងស្ទះអ្វីនោះទេ។
ក្រឡេកមើលក្រុមអ្នកសារព័ត៌មានវិញ អ្នកដែលបានចុះឈ្មោះមុន គឺបានចូលស្តាប់ក្នុងបន្ទប់សវនាការដោយផ្ទាល់ ។ ចំណែកអ្នកមិនបានចុះឈ្មោះ គឺបានត្រៀមឈរនៅបរិវេណម្ខាងទៀត ខាងមុខតុលាការ ដើម្បីរង់ចាំយកព័ត៌មាន។
លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬ ហៅថា ទោសក្បត់ជាតិ ឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
ទោះបីយ៉ាងណា ជុំវិញការចោទប្រកាន់នេះ លោក កឹម សុខា បានឆ្លើយបដិសេធ យ៉ាងដាច់អហង្ការថា លោកមិនប្រព្រឹត្តដូចការចោទប្រកាន់ទេ ដោយសុំឲ្យតុលាការទម្លាក់បទចោទប្រកាន់នេះចោលវិញជាស្ថាពរ។
សវនាការរឿងក្តីដ៏ក្តៅគគុកនេះ នឹងអាចពន្យារពេលជាច្រើនថ្ងៃបន្តទៀត ដោយសារតែមានអ្នកពាក់ព័ន្ធជាច្រើនដែលនឹងត្រូវផ្តល់សក្ខីកម្មជូនដល់តុលាការ៕ ល/Ha