ការរត់ជួយដុតបំផ្លាញកាឡូរីបានជាច្រើនគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាប្រសិនបើអ្នក អនុវត្តវាលើសពេកក៏មិនល្អដែរដោយរាងកាយនឹងត្រូវប្រឈមមុខជាមួយភាពតានតឹង ឬស្ត្រេសខ្លាំង។ ដូច្នេះហើយទើបការដឹងថាគួរផ្ដល់សារធាតុចិញ្ចឹមសំខាន់អ្វីខ្លះដល់រាងកាយ ជារឿងចាំបាច់សម្រាប់អ្នកដែលចូលចិត្តធ្វើលំហាត់ប្រាណដោយការរត់ ឬអ្នករត់ប្រណាំង។
១. ប្រូតេអ៊ីន
នោះក៏ព្រោះតែអ្នកចូលចិត្តរត់ពឹងផ្អែកលើសាច់ដុំជើងខ្លាំង ដូច្នេះទើបការទទួលទានអាហារ មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន គឺសំខាន់។ ប្រូតេអ៊ីនចាំបាច់សម្រាប់ការបង្កើត និងរក្សា សុខភាពសាច់ដុំ។
២. កាបូអ៊ីដ្រាត
ជារៀងរាល់ថ្ងៃរាងកាយត្រូវការកាបូអ៊ីដ្រាតគ្រប់គ្រាន់ដើម្បីរក្សាថាមពល។ ដូច្នេះរបបអាហារ ដែលមានផ្ទុកកាបូអ៊ីដ្រាតគ្រប់គ្រាន់ គឺសាកសមបំផុតសម្រាប់អ្នកចូលចិត្តរត់។
៣. ខ្លាញ់ល្អ
មិនមែនខ្លាញ់ទាំងអស់សុទ្ធតែបង្កផលប៉ះពាល់ដល់សុខភាពឡើយ! ខ្លាញ់ល្អអាចជួយរក្សា កម្រិតនៃថាមពលរាងកាយ។ លើសពីនេះទៅទៀតខ្លាញ់ល្អក៏ចាំបាច់សម្រាប់សុខភាពសន្លាក់ គួរឱ្យកត់សម្គាល់។ ក្រៅពីឆ្អឹងរឹងមាំហើយនោះសុខភាពសន្លាក់ល្អប្រសើរក៏ចាំបាច់ដើម្បីធ្វើ ចលនារាងកាយផងដែរ។
៤. វីតាមីន B
រាងកាយត្រូវការវីតាមីន B ដើម្បីបំលែងជាថាមពលនិងជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍។ ដូច្នេះកុំភ្លេចរួមបញ្ចូលអាហារមានផ្ទុកវីតាមីននេះ ក្នុងរបបអាហារប្រចាំថ្ងៃ។
៥. វីតាមីន C
វីតាមីន C មានប្រសិទ្ធភាពកម្ចាត់រ៉ាឌីកាល់សេរីដែលលេចឡើងដោយសារការរត់កម្រិតខ្លាំង ក្លានិងជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូរកុំភ្លេចទទួល ទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C ។
៦. ស័ង្កសី
សារធាតុចិញ្ចឹមមួយប្រភេទទៀតដែលជួយកម្ចាត់រ៉ាឌីកាល់សេរីដែលលើសក្នុងរាងកាយនោះ គឺស័ង្កសី។ តាមពិតទៅស័ង្កសីជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកា និងជាលិកាមិនឱ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរី។
៧. ប៉ូតាស្យូម
សាចដុំត្រូវការអេឡិចត្រូលីត្រដើម្បីដំណើរការមុខងារបានត្រឹមត្រូវ។ ប្រសិនបើរាងកាយមិនទទួលបានប៉ូតាស្យូមគ្រប់គ្រាន់ទេនោះអ្នកងាយនឹងមានអារម្មណ៍អស់កម្លាំងហើយឆាប់ រមួលក្រពើថែមទៀត។
៨. ម៉ាញ៉េស្យូម
សាច់ដុំក៏ត្រូវការម៉ាញ៉េស្យូមគ្រប់គ្រាន់ផងដែរដើម្បីដំំណើរការមុខងារ។ សារធាតុ ចិញ្ចឹមនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតថាមពល សំយោគប្រូតេអ៊ីន កាត់បន្ថយស្ត្រេស និងពង្រឹងសុខភាពឆ្អឹងឱ្យកាន់តែរឹងមាំ។
៩. កាល់ស្យូម
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាកាល់ស្យូមជាសារធាតុចិញ្ចឹមចាំបាច់បំផុតមួយសម្រាប់សុខភាពឆ្អឹង។ ដូច្នេះកុំភ្លេចបន្ថែមអាហារមានផ្ទុកសម្បូរទៅដោយកាល់ស្យូមក្នុង របបអាហារប្រចាំថ្ងៃ។
១០. ជាតិដែក
ត្រូវប្រាកដផងដែរថារបបអាហារប្រចាំថ្ងៃរបស់អ្នកបានរួមបញ្ចូលអាហារសម្បូរទៅ ដោយជាតិដែក។ ជាតិរ៉ែនេះជួយឱ្យមានឈាមរបស់អ្នកមានសមត្ថភាពដឹកជញ្ជូនអុកស៊ីសែនពីសួតទៅ កាន់រាល់កោសិកាក្នុងរាងកាយ។ហើយប្រសិនបើឈាមមិនអាចដឹកជញ្ជូនអុកស៊ីសែនគ្រប់ គ្រាន់ទេនោះសាច់ដុំងាយនឹងឆាប់អស់ថាមពល ឬចុះខ្សោយរាល់ពេលអ្នករត់៕ ដោយៈ health.com.kh