ដោយ ៖ ប.ជ័យ / បន្ទាយមានជ័យ: លោកនាយករងសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME) សាខាខេត្តបន្ទាយមានជ័យ បានទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍ម៉ោង១០និង១០នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅម្តុំស្ពានទី៤ ក្រៅទីប្រជុំជន ស្ថិតក្នុងភូមិកំព្រីង សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មន្ត្រីការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី១៦ខែមករាឆ្នាំ២០២០ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត ម៉ាក តូយូតា កាម៉ារីបាឡែន ពាក់ផ្លាកលេខ ភ្នំពេញ 2X 3613 បើកបរក្នុងទិសដៅពីទិសខាងកើតទៅខាងលិចបុកប៉ះរថយន្តធុនធំ មិនស្គាល់ម៉ាក ពីក្រោយក្នុងទិសដៅស្របទិសគ្នា បណ្តាលឲ្យអ្នកបើកបរម្នាក់ភេទប្រុសបានស្លាប់ បន្ទាប់ពីខ្ទាតចេញពីរថយន្ត ហើយរថយន្តខូចខាតធ្ងន់ធ្ងរ។ ឯរថយន្តធុនធំនោះមិនស្គាល់ភិនស្គាល់ភិនភាគបើករត់គេចបាត់ តែសមត្ថកិច្ចនគរបាលបាននឹងកំពុងស្រាវជ្រាវស៊ើបអង្កេតបន្ត។
នគរបាលបន្តថា៖ មូលហេតុនៃគ្រោះថ្នាក់នោះមកពីអ្នកបើកបររថយន្តតូចបើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ហើយសង្ស័យស្ថិតក្រោមឥទ្ធពលស្រវឹង។
អ្នកស្រី ពែក សុភួង នាយិកាវិទ្យាល័យសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ អូរអំបិលក្រុងសិរីសោភ័ណ ឲ្យដឹងថា ៖ ជនរងគ្រោះនោះគឺស្វាមីរបស់អ្នកស្រី លោកសាស្ត្រាចារ្យ សំ សុខា អាយុ៥០ឆ្នាំ បង្រៀននៅវិទ្យាល័យជប់វារីស្រុកព្រះនេត្រព្រះ និងធ្វើការក្រៅម៉ោងរដ្ឋជានាយករងសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME) សាខាខេត្តបន្ទាយមានជ័យ។
លោកគ្រូបានបង្រៀននៅវិទ្យាល័យជប់វារី ហើយចូលរួមកម្មវិធីមិត្តភក្តិ លុះពេលយប់ក៏ត្រឡប់មកគេហដ្ឋានវិញ ហើយជួបគ្រោះថ្នាក់ដូច្នេះ។
លោក ប៉ង់ ប្រុស នាយករងសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME) សាខាខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី១៦ខែមករាថា ឥឡូវនេះ សពតម្កល់ធ្វើបុណ្យឈាបនកិច្ចនៅគេហដ្ឋាននៃសពនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ភរិយា បងប្អូន សាច់ញាតិ មិត្តរួមអាជីព សិស្ស និស្សិត មន្ត្រីអប់រំនិងអាជ្ញាធរមានសមត្ថកិច្ចចាត់ទុកមរណភាពលោកសាស្ត្រាចារ្យសំ សុខា ជាការបាត់បង់ធនធានមនុស្សដ៏ល្អប្រពៃម្នាក់៕ ល/Ha