ដោយ​: ចាន់តូ / ភ្នំពេញ​: ស្ត្រី​ម្នាក់​រួមជាមួយ​ម្តាយ​នឹង​ប្អូន​ម្នាក់ទៀត​ជិះ​កង់​បី​ឥណ្ឌាឈប់​ម្តុំ​ខាងក្រោយ​វាំង មិនបាន​ប្រយ័ត្ន ក៏​ត្រូវបាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​បានសម្រេច ប៉ុន្តែ​គេចខ្លួន​មិន​រួច ត្រូវ​អាវុធហត្ថ​របស់​ខណ្ឌដូនពេញ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​តែម្តង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​214​នៅ​ចំណុច​ក្បែរ​នឹង​របង បរម​រាជវាំង ស្ថិតនៅក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ។

​ជនរងគ្រោះ​មានឈ្មោះ​លី លី ភេទ​ស្រី អាយុ​28​ឆ្នាំ មាន​មុខរបរ​នៅផ្ទះ ស្នាក់នៅ​ម្តុំ​ផ្សារកណ្តាល​ ស្ថិតនៅក្នុង​សង្កាត់​ផ្សារកណ្តាល​1 ខណ្ឌដូនពេញ​។​

​ជនសង្ស័យ​ទី​១ មានឈ្មោះ សុខ ច័​ន្ធ​ធា ភេទ​ប្រុស អាយុ​១១​ឆ្នាំ មានមុខរ​បរជា​សិស្ស ស្នាក់នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ និង​ម្នាក់ទៀត មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

​តាម​ប្រភពព័ត៌មាន​ពី​នារី​រងគ្រោះ​ខាងលើ បាន​ឲ្យ​ដឹងថា បាន​ជិះ​កង់​បី​ឥណ្ឌា ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​ពីរ​នាក់ បើក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​សុ​គី​និ​ច ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 1IA 5901 បើក​ស្រប​ទិស​គ្នា ខណៈពេលដែល​ជនរងគ្រោះ​ឈប់​ចុះ​និយាយ​ទូរស័ព្ទ ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​តែម្តង ហើយ​ព្យាយាម​បើក​រត់គេច ក៏ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ធ្វើការ​ក្របួច​បាន​ភ្លាមៗ ទាំង​២​នាក់ រួច​ក៏បាន​យកទៅ​សួរ​នាំនៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​
​ខណ្ឌដូនពេញ​។​

​ក្រោយពេល​កើតហេតុ​ខាងលើនេះ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ទៅតាម​នីតិវិធី​ផ្លូវច្បាប់​៕ ល​/Ha