ដោយ: ចាន់តូ / ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកព្រូស យ៉ាងលឿនទៅបុកនឹងរថយន្តដឹកទឹកកក បណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវបានស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង ៤ និង ៣០នាទី ទៀបភ្លឺឈានចូលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករាឆ្នាំ២០២០ តាមបណ្ដោយផ្លូវបេតុងស្ថិតនៅក្នុងភូមិព្រៃក្រឡា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ប៉ា ចាន់ពិសិដ្ឋ អាយុ៣៣ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅបុរីឈូកវ៉ា១ ឋិតនៅក្នុងសង្កាត់ក្រាំងក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ.9139 បើកដោយបុរសម្នាក់ តាមបណ្ដោយផ្លូវបេតុងទិសដៅពីត្បូងទៅជើង បានប៉ះជាមួយនឹងម៉ូតូបន្តិចបន្តួចតែបើករត់ត្រូវបានគេដេញពីក្រោយ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយនឹងរថយន្តដឹកទឹកកក ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ AK 7485 ដែលបើកតាមបណ្ដោយផ្លូវបេតុងទិសដៅពីជើងមកត្បូងពេញទំហឹង បណ្ដាលឲ្យភាគីខាងរថយន្តព្រូស រងរបួសធ្ងន់ ភ្លាមៗត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែកម្មអកុសលដល់ពាក់កណ្ដាលផ្លូវត្រូវស្លាប់បាត់បង់ជីវិត បានដឹកយកមកកន្លែងកើតហេតុវិញដើម្បីឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង ២គ្រឿង ទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ល/Ha