ជនជាតិចិនពីរនាក់មកពីក្រុងវូហានដែលមានរោគសញ្ញាគ្រុនក្តៅ ត្រូវបានដាក់ឲ្យនៅដាច់ពីគេបន្ទាប់ពីពួកគេបានទៅដល់អាកាសយានដ្ឋានក្រុងដាណាំងប្រទេសវៀតណាមកាលពីថ្ងៃអង្គារទី១៤មករា។
ឥឡូវឈាមរបស់ពួកគេត្រូវបានបញ្ជូនទៅពិនិត្យរកមូលហេតុដែលនាំឲ្យពួកគេក្តៅខ្លួន។វាជាករណីដំបូងដែលជនបរទេសចូលក្នុងប្រទេសវៀតណាមកើតមានរោគសញ្ញារលាកសួតចាប់តាំងពីពេលវាបានផ្ទុះឡើងនៅចិនកាលពីខែធ្នូឆ្នាំមុន។
ក្រុងវូហាន ជាប្រភពផ្ទុះជំងឺងឺរលាកសួតដែលបានរាលដាលនៅចិននិងត្រូវបានរកឃើញក្នុងភ្ញៀវចិននៅថៃនិងចុងក្រោយលើអ្នកដំណើរជប៉ុនដែលមកពីក្រុងវូហាន។
សូមបញ្ជាក់ថា មនុស្ស៤១នាក់ត្រូវបានរកឃើញថាឆ្លងជំងឺនេះនៅវូហាន ហើយបុរសវ័យ៦១ឆ្នាំម្នាក់ស្លាប់ដោយសារវា។
អាកាសយានដ្ឋានក្រុងហាណូយ ក្រុងហូជីមិញ និងខេត្តខាញ់ ហ័រ ដែលជាទីតាំងសំខាន់សម្រាប់អ្នកទេសចរចិន បានបំពាក់គ្រឿងបរិក្ខារសម្រាប់ត្រួតពិនិត្យកំដៅខ្លួនរបស់អ្នកដំណើរ។
បុរសចិន(ឆ្វេង)ត្រូវបានសមត្ថកិច្ចសុំអោយឈប់ដើម្បីពិនិត្យកំដៅក្នុងខ្លួននៅអាកាសយានដ្ឋាន កាំរ៉ាញ់ ក្នុងខេត្តខាញ់ ហ័រកាលពីថ្ងៃ១៣មករា
ជំងឺរលាកសួតបច្ចុប្បន្ន ដែលបង្កឡើងដោយវីរុសថ្មីមួយក្នុងក្រុមកូរ៉ូណាវីរុស ដែលបានបង្កជំងឺសា(ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ)នៅចិន និងជំងឺងឺមឺស(ជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា) បានចម្លងទៅស្រីចិនម្នាក់ ហើយត្រូវអាជ្ញាធរថៃឃាត់ខ្លួនដាក់ឲ្យនៅដាច់ពីគេនៅពេលនាងបានទៅដល់ថៃនៅខែនេះ។
ដោយអាចចម្លងពីមនុស្សទៅមនុស្ស ជំងឺថ្មីនេះមិនទាន់មានឱសថព្យាបាលនៅឡើយទេ តែគ្រូពេទ្យអាចប្រើឱសថប្រឆាំងវីរុស។អាជ្ញាធរវៀតណាមបានណែនាំប្រជាជននៅឆ្ងាយពីអ្នកជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងពាក់ម៉ាសមុខបើនិយាយជាមួយអ្នកជម្ងឺ។
ការរក្សាកំដៅខ្លួន មានអនាម័យ ជាពិសេសលាងដៃជាប្រចាំជាមួយសាប៊ូនិងខ្ពុលមាត់ជាមួយនឹងទឹកសម្លាប់មេរោគក៏ជាវិធីបង្ការដែលត្រូវបានណែនាំឲ្យអនុវត្តផងដែរ។
ក្នុងពេលជាមួយគ្នា មន្ត្រីសុខាភិបាលថៃកំពុងបង្កើនការត្រួតពិនិត្យនៅតាមអាកាសយានដ្ឋាន ដើម្បីរកជនសង្ស័យកើតជំងឺនេះ ជាពិសេសភ្ញៀវមកពីចិន នៅមុនចូលឆ្នាំចិន ជាពេលដែលអ្នកទេសចរចិនសម្រុកចូលមកក្នុងប្រទេសនេះ។
ប្រធានទេសចរណ៍ថៃ បានប្រាប់សារព័ត៌មានមួយកាលពីថ្ងៃពុធថា អ្នកទេសចរចិនប្រមាណ៨សែននាក់អាចនឹងចូលមកថៃនៅក្នុងអំឡុងពេលចូលឆ្នាំថ្មីនៅចុងខែនេះ។ក្រសួងសុខាភិបាលបានបង្កើនការត្រួតពិនិត្យនៅអាកាសយានដ្ឋាន៤ដែលមានជើងហោះហើរមកពីក្រុងវូហាន។
ពិភពលោកប្រយ័ត្នប្រយែងអំពីជំងឺរលាកសួតអាថ៌កំបាំងនេះ ដោយសារតែវាបង្កឡើងពីវីរុសថ្មីមួយក្នុងគ្រួសារកូរ៉ូណាវីរុស ដែលបានបង្កជំងឺសានៅចិនកាលពីឆ្នាំ២០០២-២០០៣ និងសម្លាប់មនុស្សជិត៨០០នាក់នៅទូទាំងពិភពលោក៕ប្រែសម្រួល៖វាសនា/Ha