ក្រសួងសុខាភិបាលជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមករាថា ជប៉ុនបានរកឃើញអ្នកឆ្លងវីរុសជំងឺផ្លូវដង្ហើមថ្មីដំបូងដែលមានប្រភពពីប្រទេសចិន។
ក្រសួងនេះបាននិយាយថា បុរសអាយុជាង៣០ ឆ្នាំម្នាក់មកពីតំបន់Kanagawa នៅជិតទីក្រុងតូក្យូ ត្រូវបានធ្វើតេស្តិ៍រកឃើញវិជ្ជមាននៃវីរុសនេះ។ បុរសនេះបានធ្វើដំណើរទៅទីក្រុងវូហាន ប្រទេសចិនជាកន្លែងមានការផ្ទុះឡើងនៃជំងឺរលាកសួតបង្កឡើងពីវីរុសថ្មីនេះ។
អង្គការសុខភាពពិភពលោក(WHO) បាននិយាយថា វីរុសថ្មីនេះអាចឆ្លងរាលដាលពីមនុស្សទៅមនុស្សមានកម្រិត តែមិនទាន់មានភស្តុតាងជាក់លាក់ទេ និងបានព្រមានដល់មន្ទីរពេទ្យនៅទូទាំងពិភពលោក។
វីរុសថ្មីនេះគឺជាពពួកនៃវីរុសដែលអាចបង្កការឆ្លងពីជំងឺផ្តាសាយធម្មតារហូតដល់ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (ជំងឺSars)នៅចិនកាលពីប៉ុន្មានឆ្នាំមុន។
អង្គការសុខភាពពិភពលោកបាននិយាយថា ប្រហែលជាមានការឆ្លងមានកម្រិតពីមនុស្សទៅមនុស្សនៅក្នុងគ្រួសារមួយនៅប្រទេសចិន។
ក្រុមអាជ្ញាធរនៅទីក្រុងវូហាន ប្រទេសចិនបានបញ្ជាក់ថា ប្តីប្រពន្ធមួយគូដែលបានរៀបការស្ថិតក្នុងចំណោមមនុស្ស៤១នាក់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញមានជំងឺរលាកសួតដែលត្រូវបានគេជឿថាបណ្តាលមកពីវីរុសថ្មីនេះ៕ដោយ៖សុខា/sn/Ha
ក្រុមអ្នកពិសោធន៍ពិនិត្យមើលសំណាកឈាមមកពីជនជាតិចិនម្នាក់ដើម្បីរកវីរុសនៃជំងឺរលាកសួតនៅមន្ទីរពេទ្យមួយនៅកូរ៉េខាងត្បូងកាលពីថ្ងៃទី៩ខែមករាឆ្នាំ២០២០