ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
អ្នក​ប្រដាល់​កណ្ដាប់ដៃ​ធ្ងន់ យ៉ុ​ន ដា​រ័ត្ន ក្លិប​ខេត្ត​រតនគីរី នឹង​ជួប​តតាំង​ជាមួយ អ្នក​ប្រដាល់​វ័យចាស់​ថៃ ប្រា វីត (Pravit) លើស​ង្វៀន​ខា​រ៉ា​បាវ នា​រសៀល​ថ្ងៃទី​១៨ មករា នេះ ។​

​នេះ​ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ជួប​ប្រកួត​គ្នា ។ ប្រា វីត គេ​ឩ​ស្សា​ហ៍​ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ណាស់ ទោះបី​គេ មាន​វ័យ​ចំណាស់ ក៏ពិតមែន តែ​គេ​ជា​អ្នក​ប្រដាល់ ជើង​ខ្លាំង​មួយរូប ដែលមាន​សមត្ថភាព​វ៉ៃ បាន ៥ ទឹក ដោយ​គ្មាន​បញ្ហា គ្រាន់តែ​បន្ទាប់ពី​ចប់​ការប្រកួត កម្លាំង​របស់គេ ទ្រុឌទ្រោម​បន្តិច ។​

យ៉ុ​ន សា​រ័ត្ន និង ប្រា វីត​

​ដា​រ័ត្ន វិញ គេ​ជា​អ្នក​ប្រដាល់ ដែលមាន​កណ្ដាប់ដៃ​ធ្ងន់ ព្រមទាំង​វ៉ៃ​ចេញ បាន​ច្បាស់ៗ​ល្អ តែ​សម្រាប់​ជង្គង់ កែង និង​ស្នៀត​ទាត់​វិញ​នោះ មិនជា​អ​ស្ចា្យ​នោះទេ តែ​គេ​អាច​វ៉ៃ​បាន ៥ ទឹក ដោយ​គ្មាន​បញ្ហា​ដែរ ។​

​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៤​ដង ឈ្នះ​៤០​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ រីឯ​អ្នក​ប្រដាល់​ថៃ ប្រា វីត វិញ​នោះ គេ​ជា​អ្នក​ប្រដាល់ ដែលមាន​ផ្លែ​វ៉ៃ​ល្អ គេ​ធ្លាប់​ឆ្លងកាត់​ការប្រកួត ចំនួន​១០០​ដង ឈ្នះ​៨២​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ ២​ដង ។ ដោយ​ពុំ​ធ្លាប់មាន​ប្រវត្តិ​ជួបគ្នា ពីមុនមក​នោះ ជំនួប​ដំបូង​នេះ មិនដឹងថា ជ័យជំនះ បាន​ទៅលើ​អ្នក​ប្រដាល់​កម្ពុជា យ៉ុ​ន ដា​រ័ត្ន ឬ អ្នក​ប្រដាល់​ថៃ ប្រា វីត ឡើយ ។​

មឿ​ន សុខ​ហ៊ុ​ច និង ផេ​ត អា​លីន​

​មឿ​ន សុខ​ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ផេ​ត អា​លីន (Phat Alin) ដោយ​ពួកគេ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម​។ នេះ​ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់​ថៃ​រូបនេះ ឆ្លងដែន​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ។ មិនដឹងថា គេ​ខ្លាំង ឬ​ខ្សោយ​នោះឡើយ តែ​គេ​ហ៊ាន​ប្រកាស​តស៊ូ ជាមួយ សុខ​ហ៊ុ​ច ហើយ ទំនងជា​មិន​អន់​នោះទេ ព្រោះ​សុខ​ហ៊ុ​ច ជា​អ្នកខ្លាំង ក្នុងចំណោម​អ្នកខ្លាំង ។​

​អ្នក​ប្រដាល់​កម្ពុជា រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​១៧៣​ដង ឈ្នះ​១៤៣​ដង ចាញ់​២៥​ដង និង​ស្មើ​ពិន្ទុ ៥​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ ផេ​ត អា​លីន វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧០​ដង ឈ្នះ​៥៨​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ​ចំនួន ១ ដង ។ ផេ​ត អា​លីន ដែល​ជាន់ដី​ខ្មែរ ជា​លើកដំបូង អាច​ប្រជែង បាន​ជ័យជំនះ​ឬទេ ?​។​

អ្នកខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​ជំនួប​រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ ឈុន ប្រាក់​កាក់ ក្លិប​តរា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ប្រកួត​ជាមួយ ផុន សុខ​វិបុល ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៤៥ គីឡូក្រាម ។ ព្រឿង សុជាតិ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ប្រកួត​ជាមួយ អេ​លី​ត វិចិត្រ ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​។ ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ សារឿន ចាន់ ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v