បន្ទាប់ពីនាយករដ្ឋមន្រ្តីឌីមីទ្រី មេដវេដេវបានប្រកាសលាលែងពីតំណែងរដ្ឋាភិបាល លោកប្រធានាធិបតីវ៉្លាឌីមៀរ ពូទីនបានស្នើបេក្ខជនមួយរូប ដែលអាចនឹងក្លាយជាប្រមុខរដ្ឋាភិបាលថ្មីរបស់រុស្ស៊ីនាពេលឆាប់ៗនេះគឺលោក មីខាអ៊ីល មីស៊ូស្ទីន (Mikhail Mishustin)។

ដោយលោកមីស៊ូស្ទីនបានយល់ព្រមតាមសំណើរបស់លោកពូទីនរួចហើយនោះ បេក្ខភាពរបស់លោកត្រូវគេរំពឹងថានឹងត្រូវពិភាក្សាដោយសភារុស្ស៊ីនៅថ្ងៃទី ១៦ ខែមករា។

កើតក្នុងឆ្នាំ ១៩៦៦ នៅទីក្រុងមូស្គូ លោកមីស៊ូស្ទីនបានចាប់ផ្តើមអាជីពរដ្ឋាភិបាលរបស់លោកក្នុងឆ្នាំ ១៩៩៨ ជាមួយសេវាកម្មពន្ធសហព័ន្ធរុស្ស៊ី ដែលជាទីភ្នាក់ងារដដែលដែលលោកកំពុងដឹកនាំបច្ចុប្បន្ន។

បន្ទាប់មកលោកមីស៊ូស្ទីនត្រូវបានតែងតាំងជាប្រធានទីភ្នាក់ងារចុះបញ្ជីដីធ្លីសហព័ន្ធ (Rosnedvizhimost) ក្នុងឆ្នាំ ២០០៤ ហើយបន្ទាប់មកក្នុងឆ្នាំ ២០០៦ គាត់បានចូលកាន់តំណែងជាប្រធានទីភ្នាក់ងារសហព័ន្ធសម្រាប់ការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។

ក្នុងឆ្នាំ ២០០៨ លោកមីស៊ូស្ទីនបានលាឈប់ពីការងាររដ្ឋាភិបាល ហើយបានចំណាយពេល ២ ឆ្នាំធ្វើការជាប្រធានក្រុមហ៊ុន UFG Asset Management ដើម្បីគ្រប់គ្រងទ្រព្យសកម្មនិងភាគហ៊ុនឯកជន។

ក្រោយមកគាត់បានវិលត្រឡប់មករកការងាររដ្ឋវិញក្នុងឆ្នាំ ២០១០ ក្នុងនាមជាប្រធានសេវាកម្មពន្ធសហព័ន្ធរុស្ស៊ីដដែល។

ក្រោមការដឹកនាំរបស់គាត់ ទីភ្នាក់ងារនេះបានព្យាយាមជួយធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនជាមួយអ្នកជាប់ពន្ធកាន់តែមានផាសុកភាព ដោយលោកមីស៊ូស្ទីនប្តេជ្ញាបន្តកែលម្អសេវាកម្មឌីជីថលនិងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។

ដោយបានបញ្ចប់ថ្នាក់បណ្ឌិតរបស់គាត់ផ្នែកសេដ្ឋកិច្ចក្នុងឆ្នាំ ១៩៩២ លោកមីស៊ូស្ទីនបានសរសេរសៀវភៅចំនួន ៣ ក្បាលស្តីពីការគ្រប់គ្រងពន្ធ។

ការលាលែងតំណែងរបស់រដ្ឋាភិបាលរុស្ស៊ីត្រូវបានប្រកាសកាលពីថ្ងៃទី ១៥ ខែមករាបន្ទាប់ពីសុន្ទរកថារបស់លោកប្រធានាធិបតីវ៉្លាឌីមៀរ ពូទីន ទៅកាន់សភាសហព័ន្ធ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់គាត់ ពូទីនបានស្នើឱ្យមាន “ការកែប្រែចាំបាច់” មួយចំនួនទៅលើរដ្ឋធម្មនុញ្ញរបស់រុស្ស៊ីដូចជាការបង្កើនអំណាចដល់សភាដើម្បីតែងតាំងសមាជិករដ្ឋាភិបាលរួមទាំងនាយករដ្ឋមន្រ្តី ដែលរហូតមកទល់ពេលនេះត្រូវបានតែងតាំងដោយប្រធានាធិបតីផ្ទាល់៕ ដោយ៖ កញ្ញាដាលីស

លោក មីខាអ៊ីល មីស៊ូស្ទីន បេក្ខជននាយករដ្ឋមន្ត្រីស្នើឡើងដោយពូទីន