ទាញកាកសំណល់ចេញពីទន្លេម៉ាឡេស៊ីដើម្បីបញ្ឈប់វាកុំឱ្យហូរចូលសមុទ្រ សាឡង់ដើរដោយថាមពលពន្លឺព្រះអាទិត្យឈ្មោះថា “Interceptor” គឺជាអាវុធចុងក្រោយបង្អស់នៅក្នុងសមរភូមិរបស់ពិភពលោកដើម្បីលុបបំបាត់កាកសំណល់ប្លាស្ទិកពីផ្ទៃទឹក។

សំរាមត្រូវបានគេបោះចោលទៅក្នុងសមុទ្រនិងទន្លេក្នុងបរិមាណដ៏ច្រើន ដោយបំពុលទីជម្រកសំខាន់ៗ បង្កគ្រោះថ្នាក់ដល់ជីវិតសត្វសមុទ្រ និង បំផ្លាញតំបន់ទេសចរណ៍ទាក់ទាញ។

យោងតាមអង្គការ Ocean Conservancy ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានឱ្យដឹងថា ប្លាស្ទិកប្រមាណ ៨ លានតោនបានហូរចូលមហាសមុទ្រពិភពលោកជារៀងរាល់ឆ្នាំ រាប់ចាប់ពីទុយោបឺតទឹករហូតដល់កាកសំណល់គ្រប់គ្រងមិនបានត្រឹមត្រូវពីបណ្តាប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលនានានិងបណ្តាអង្គការការពារបរិស្ថានកំពុងតស៊ូប្រឈមនឹងជំនោរសមុទ្រដែលកំពុងកើនឡើង អង្គការមិនស្វែងរកប្រាក់ចំណេញរបស់ហូឡង់ឈ្មោះ The Ocean Cleanup បានបង្កើតនូវដំណោះស្រាយថ្មី គឺ សាឡង់ Interceptor។

សាឡង់ប្រវែង ២៤ ម៉ែត្រនេះមើលទៅស្រដៀងផ្ទះទូក ហើយប្រើរនាំងកោងដើម្បីចាប់យកកាកសំណល់ដែលអណ្តែតលើទឹក។

សំរាម ភាគច្រើនជាប្លាស្ទិក ត្រូវបានតម្រង់ចូលទៅ “មាត់” សាឡង់ ដែលដំណើរការដោយស្វយ័តនិងស្ងាត់ស្ងៀម រួចហើយក្រវ៉ាត់យន្តនឹងបញ្ជូលសំរាមទាំងនោះទម្លាក់ចូលទៅក្នុងធុងសំរាម។

សាឡង់នេះអាចប្រមូលសំរាមបានដល់ទៅ ៥០ តោនក្នុងមួយថ្ងៃ។

កាលពីខែតុលាសាឡង់ Interceptor ត្រូវបានដាក់នៅលើដងទន្លេក្លាងដ៏កខ្វក់ ដែលវាជាផ្លូវទឹកដ៏សំខាន់របស់ម៉ាឡេស៊ី ហូរកាត់រដ្ឋធានីគូឡាឡាំពួរនិងតំបន់ជុំវិញ។

អង្គការ Ocean Cleanup កំពុងធ្វើការជាមួយក្រុមហ៊ុនរដ្ឋាភិបាលក្នុងស្រុកឈ្មោះថា Landasan Lumayan ដែលបានចាប់ផ្តើមសម្អាតទន្លេក្នុងឆ្នាំ ២០១៦ ហើយនិយាយថាកិច្ចប្រឹងប្រែងកំពុងទទួលផលផ្លែផ្កា។

លោក ស៊ីយ៉ៃហ្វូល អាស្មាន់ ន័រឌីន នាយកគ្រប់គ្រងក្រុមហ៊ុនម៉ាឡេស៊ីមួយនេះ បាននិយាយថា “ទន្លេក្លាងគឺប្រៀបបីដូចជាកន្លែងចាក់សំរាមអណ្តែតយ៉ាងអ៊ីចឹង។ ទូកមិនអាចឆ្លងកាត់បានទេ ហើយមានប្លាស្ទិកច្រើនណាស់។ ឥឡូវនេះអ្នកអាចមើលឃើញថាទន្លេជាទូទៅមិនមានសំរាមអណ្តែតទេ”៕ ដោយ៖ កញ្ញាដាលីស