ទោះបីជាមានការតវ៉ាជាច្រើនខែក៏ដោយក៏ទីក្រុងហុងកុងនៅតែជាទីក្រុងថ្លៃជាងគេបំផុតនៅលើពិភពលោកដែលរស់នៅក្នុងភាពប្រណីត នេះបើយោងតាមការស្រាវជ្រាវរបស់ធនាគារឯកជនរបស់ស្វីសឈ្មោះ Julius Baer ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ មករា។
ជាការពិត ទីក្រុងចំនួន ៤ ក្នុងចំណោមទីក្រុងថ្លៃបំផុតទាំង ៥ គឺស្ថិតនៅអាស៊ី ក្នុងនោះទីក្រុងសៀងហៃជាប់លេខ ២ ទីក្រុងតូក្យូជាប់លេខ ៣ និងសិង្ហបុរីនៅលេខ ៥ នេះយោងតាមចំណាត់ថ្នាក់នៃទំនិញនិងសេវាកម្មប្រណីតរបស់ខ្លួននៅក្នុងទីក្រុងចំនួន ២៨។ ទីក្រុងញូវយ៉ក ដែលមកពីក្រៅតំបន់អាស៊ី ជាប់លេខ ៤។
តម្លៃអចលនៈទ្រព្យបានធ្លាក់ចុះនៅហុងកុងក្នុងឆ្នាំ ២០១៩ ប៉ុន្តែវត្ថុប្រណីតផ្សេងៗទៀតក៏ថ្លៃដូចនៅទីក្រុងផ្សេងទៀតដែរដែលត្រូវបានលើកឡើងជាញឹកញាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ សម្រាប់ប្រភេទដូចជាបរិភោគថ្លៃៗ និងរថយន្តប្រណីតៗ។
ប៉ុន្តែប្រសិនបើអ្នកមានស្តុកស្តម្ភចង់បានទំនិញថោកនៅអាស៊ី ពួកគេគួរតែធ្វើដំណើរទៅកាន់ទីក្រុងមុំបៃប្រទេសឥណ្ឌា ដែលជាទីក្រុងមានតម្លៃថោកបំផុតក្នុងចំណោមទីក្រុងថ្លៃទាំង ២៨ ដែលបានសិក្សា។
អត្រាពន្ធក្នុងស្រុកខ្ពស់បានធ្វើឱ្យទីក្រុងរីយ៉ូដឺជេនីរ៉ូ ដែលជាទីក្រុងធំទី ២ របស់ប្រេស៊ីល ក្លាយជាទីក្រុងថ្លៃបំផុតលើពិភពលោកក្នុងការចាត់ថ្នាក់ចំនួន ៥ ប្រភេទក្នុងចំណោម ១៨ ប្រភេទនៅក្នុងរបាយការណ៍ទ្រព្យសម្បត្តិនិងរបៀបរបបរស់នៅលើពិភពលោករបស់ធនាគារស្វីសមួយនេះ៕ ដោយ៖ កញ្ញាដាលីស