ដោយ:អង្គរតូច/សៀមរាប ៖ ភ្ញៀវបរទេសជនជាតិកូរ៉េចំនួន២នាក់បានជួលម៉ូតូកង់បួន (BUGGY CAR)ជិះដើរលេង ហើយបើកធ្លាក់រណ្តៅដីជម្រៅជាង២០ម៉ែត្រ បណ្តាលឲ្យស្លាប់ម្នាក់និងជួយសង្គ្រោះបានម្នាក់។
ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ក្នុងភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
មន្ត្រីនគរបាលក្នុងហេតុការណ៍ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦នេះថា ភ្ញៀវទេសចរណ៍ជនជាតិកូរ៉េ ដែលបានបើកម៉ូតូធ្លាក់រណ្តៅដីនោះម្នាក់បានស្លាប់នៅកន្លែង និងម្នាក់ទៀតត្រូវបានជួយសង្គ្រោះ។ ជនរងគ្រោះទី១ ឈ្មោះ JANG SEONGSU ភេទ ប្រុស អាយុ ២២ ឆាំ្ន ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខ M73614046។ទី2 ឈ្មោះ LEE GYUHONG ភេទប្រុស អាយុ២៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ M91994784 ទាំងពីរនាក់ជាភ្ញៀវទេសចរណ៍ ស្នាក់នៅក្នុងសណ្ឋាគារ អង្គររ៉ូយ៉ាល់ រីសត ស្ថិតនៅ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប។
ប្រភពបន្តថា នៅមុនពេលកើតហេតុ ពួកគេបាននាំគ្នាជួលម៉ូតូធុនធំ(កង់បួន) ពីក្រុមហ៊ុន SAIGONSTAR TOUR ដែលមានទីតាំងនៅក្នុង ARTBOX ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ដើម្បីបើកដើរ លេងកំសាន្តនៅក្នុងក្រុងសៀមរាប។ ពេលដែលភ្ញៀវទាំងពីរនាក់ជិះមកដល់ចំណុចខាងលើ ក៏បានរេចង្កូតធ្លាក់ចូលទៅក្នុងរណ្ដៅដី ដែលមានទំហំ១០០ម៉ែត្រគុណ២០០ម៉ែត្រមានជម្រៅ២៥ម៉ែត្រ និងមានទឹកជ្រៅ បណ្តាលឲ្យលិចចូលទៅក្នុងទឹក ជាមួយនឹងម៉ូតូ។
មន្ត្រីដដែលអោយដឹងទៀតថា ពេលនោះជនរងគ្រោះឈ្មោះ Lee Gyuhong បានស្រវ៉ាឡើងមកលើច្រាំវិញបាន ចំណែកជនរងគ្រោះឈ្មោះ Jang Seongsu បានលិចទៅបាត់ជាមួយនឹងម៉ូតូ រហូតដល់ព្រឹកថ្ងៃទី១៦នេះទើបរកឃើញជនរងគ្រោះដែលស្លាប់ ។
នៅព្រឹកថ្ងៃទី១៦ខែមករានេះ សមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យ ទៅលើជនរងគ្រោះ។ ចំណែកក្រុមហ៊ុនដែលជួលម៉ូតូឲ្យភ្ញៀវនេះ គេនៅមិនទាន់ដឹងថា មានចំណាត់ការ យ៉ាងណានៅឡើយ៕B/