​ក្រោយ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១​ជាមួយ​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ​មក ឧបនាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​អ្នក​ចរ​​ចារ​ពាណិជ្ជកម្ម​ចិន លោក​លីវ ហឹ បានចេញ​សេចក្តីថ្លែងការណ៍​មួ​យ​និង​បាន​និយាយថា ចិន​និង​អាម៉េរិក​នឹង​ទទួលបាន​ផល​បើសិនជា​សហការគា្ន​និង​ភាគី​ទាំង​​ពីរ​នឹង​រងគ្រោះ​បើ​បន្ត​ឈ្លោះ​គ្នា ដូច្នេះ «​កិច្ចសហការ​គឺជា​ជំរើស​ត្រឹមត្រូវ​តែ​មួយគត់ ជាពិសេស​នៅក្នុង​យុគ​សម័យថ្មី​នេះ​»​។​

ប្រធាន​អ្នក​ចរ​​ចារ​ពាណិជ្ជកម្ម​ចិន លោក​លីវ ហឹ ដឹកនាំការធ្វើសន្និសីទកាសែត ក្រោយការចុះហត្ថលេខា

លោក​លីវ ហឹ បាន​បន្ត​ថា​ចិន​និង​អាម៉េរិក​ត្រូវ​បង្កើន​បរិយាកាស​ធុរកិច្ច​ ​ធ្វើអោយ​ប្រសើរឡើង​ការ​គាំពារ​កម្មសិទ្ធិបញ្ញា​និង​លើកទឹកចិត្ត​កិច្ចសហការ​ខាង​បច្ចេក​​វិទ្យា​ដើម្បី​ជំរុញ​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌​ហើយ​បង្កើត​ប្រព័ន្ធ​វាយ​តំលៃ​មួយ​សំរាប់​ភាគី​ទាំង​ពីរ​រក​ដំណោះស្រាយ​នៃ​ជម្លោះ​។​

​បើ​តាម​លោក​លីវ ចិន​និង​អាម៉េរិក មានមតិ​ផ្សេងគ្នា​អំពី​ពាណិជ្ជកម្ម​និង​ភាគី​ទាំង​ពីរ​ចង់​ដោះស្រាយ​បញ្ហា ដូច្នេះ​ភាគី​ទាំង​ពីរ​ត្រូវ​ដោះស្រាយ​បញ្ហា​តាម​ការចរចា​​និង​«​ក្រោយ​ពិភាក្សាគ្នា​អស់​២​ឆ្នាំ​មក យើង​ដឹង​ថា​នេះ​ជា​ដំណើរការ​ជា​ប្រព័ន្ធ​មួយ​។​កិច្ចសហការ​មាន​សារសំខាន់​។​ចិន​និង​អាម៉េរិក ធ្វើអោយ​មាន​ផលប៉ះពាល់​​វិជ្ជមាន​លើ​ពិភពលោក​ទាំងមូល​។​យើង​នឹង​ប្រើ​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១​នេះ ដើម្បី​បង្ហាញ​ថា ការចរចា​របស់​យើង​កំពុង​ដំណើរការ​ដើម្បី​ធ្វើ​អោយ​សេដ្ឋកិច្ច​ល្អប្រសើរ​ឡើង​»​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ចិន បានបញ្ជាក់​ថា ភាគី​ទាំងពីរ​ត្រូវ​ដោះស្រាយ​បញ្ហា​តាម​ការចរចា និង​ថា​ការយកពន្ធ​ខ្ពស់​មិន​ជា​ដំណោះស្រាយ​ល្អ​មួយ​ទេ ហើយ​វា​​ជា​ជំរើស​ត្រឹមត្រូវ ដែល​អាម៉េរិក​ដក​ចិន​ចេញពី​បញ្ជី​ប្រទេស​លេងល្បិច​រូបិយវត្ថុ​ដើម្បី​យក​ប្រៀប​លើ​គូប្រជែង ៕​ប្រែ​សម្រួល​៖​វាសនា​